រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

JBC៖កម្ពុជាស្នើថៃឱ្យបញ្ជូនក្រុមវាស់វែងចម្រុះចុះបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅតំបន់ផ្ទុះជម្លោះ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅថ្ងៃម្សិលមិញ បានដាក់កំណត់ទូតទៅគណៈកម្មការ (JBC) ថៃជាថ្មីម្តងទៀត ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅតំបន់ដែលធ្លាប់ផ្ទុះជម្លោះកាលពីពេលកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញនៅថ្ងៃទី២៤ ខែកុម្ភៈ។

ក្នុងសេចក្តីប្រកាសព័ត៌មាន កម្ពុជាស្នើឱ្យថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ដើម្បីចុះលើដីជាក់ស្តែងដែលបានឯកភាពគ្នាក្នុងការបន្តបោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅភូមិជោគជ័យ ព្រៃចាន់ និងចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ នៅតំបន់បឹងត្រកួននៃខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង នៅកាលបរិច្ឆេទថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ព្រមទាំងនៅតំបន់ថ្មដា, តំបន់អូរភ្លុកដំរី, តំបន់ច១ នៅខេត្តពោធិ៍សាត់ និងតំបន់ផ្សេងៗទៀតនៅចន្លោះថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែមីនា។ ក្រៅពីនេះ កម្ពុជា ក៏ស្នើឱ្យសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលនភាគីទាំងពីរបានឯកភាពគ្នា។

មិនតែប៉ុណ្ណោះ កម្ពុជាបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគទាំងពីរ នៅអំឡុងសប្តាហ៍ទីមួយ និងទីពីរនៃខែមីនា ឆ្នាំ២០២៦៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…