បដាពាក្យស្លោកថា «ផលិតឬចែកចាយព័ត៌មានបែបបំពុលដល់សិទ្ធបុគ្គល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ សង្គមរីកចម្រើន គឺសង្គមគ្មានព័ត៌មានក្លែងក្លាយ» ត្រូវបានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សនៃខេត្តព្រះសីហនុកាន់ដង្ហែតាមក្បួនថ្មើរជើងនៃពិធីបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News» ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
យុទ្ធនាការនេះ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងសិស្សានុសិស្សជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុក គឹមសេង បានកត់សម្គាល់ថា បច្ចុប្បន្ន បច្ចេកវិទ្យាជឿនលឿនធ្វើឱ្យយើងមិននឹកស្មានដល់នៃការផលិតព័ត៌មាន និងមាតិកាដែលជាព័ត៌មានក្លែងក្លាយដោយបង្កើតរូបភាពក្លែងក្លាយរបៀបប្រាកដនិយម ដែលមើលទៅសឹងតែមិនយល់ថា មាតិកាដែលគេបង្ហោះលើបណ្តាញសង្គមនោះវាជារឿងពិតឬរឿងប្រឌិត។ ឯកឧត្តម បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមចែករំលែកសារវីដេអូដែលនិយាយចេញពីសម្លេងពិតរបស់មនុស្ស។
ទន្ទឹមគ្នានេះ ឯកឧត្តម ឡុង ឌីម៉ង់ លើកឡើងថា បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មានដែលមានចរិកបំភាន់ និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។ ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្តាញសង្គមដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍ នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុវជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។
សូមជម្រាបថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវបានក្រសួងព័ត៌មាន ប្រកាសបើកជាផ្លូវការក្នុងរយៈពេល១២ខែ ពោលគឺបានចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ យុទ្ធនាការនេះ ត្រូវអនុវត្តន៍នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញព័ត៌មានក្លែងក្លាយ មានការកើនឡើង ដោយនៅក្នុងឆ្នាំ២០២៣ មានព័ត៌មានក្លែងក្លាយ ៣ ២០៨ព័ត៌មាន ខណៈនៅឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ ៣,៦៥១ព័ត៌មាន។ ចំនួននេះបានកើនឡើងប្រមាណ ១៤ ភាគរយ។ រដ្ឋមន្ត្រីអះអាងថា ព័ត៌មានក្លែងក្លាយទាំងនេះ ភាគច្រើន គឺព័ត៌មានបង្កអសន្តិសុខ វាយប្រកាសថ្នាក់ដឹកនាំរដ្ឋាភិបាល និងការលាបពណ៌ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





