រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានទូតខ្មែរនៅអ៊ីរ៉ង់ អ៊ីស្រាអែល គូវ៉ែត អារ៉ាប់រួម កាតា និងបារ៉ែនប្រាប់ពលរដ្ឋខ្មែររស់នៅទីនោះឱ្យប្រុងប្រយ័ត្នខ្ពស់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ស្របពេលស្ថានភាពជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ កំពុងកើនកម្តៅកាន់តែខ្លាំងឡើងគួរឱ្យព្រួយបារម្ភ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល គូវ៉ែត អារ៉ាប់រួម កាតា និងបារ៉ែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីនោះសូមមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាត់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។

ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកចាប់ដៃគ្នាព្រួតវាយកម្ទេចអ៊ីរ៉ង់ កាលពីថ្ងៃសៅរី ទី២៨ ខែកុម្ភៈ ស្ថានឯកអគ្គរាជទូតខ្មែរក៏បានចេញសេចក្តីអំពាវនាវឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ជាបន្តបន្ទាប់ផងដែរ។ ក្នុងករណីប្រជាពលរដ្ឋខ្មែរត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល បងប្អូនអាចទាក់ទង់ទៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋគូវ៉ែត អ៊ីស្រាអែល និងស្ថានទូតកម្ពុជានៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា និងកុងស៊ុលកិត្តិយសកម្ពុជានៅទីក្រុងតេហេរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់។

សូមជម្រាបថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានប្រមូលផ្តុំកងនាវាចម្បាំងយ៉ាងច្រើននៅក្នុងតំបន់ ដើម្បីព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយលើកម្មវិធីនុយក្លេអ៊ែរ៕   

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…