រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែងនិងឡដុតធ្យូង១កន្លែងនៅខេត្តសៀមរាប

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សិប្បកម្មឈើខុសច្បាប់៧កន្លែង និងឡដុតធ្យូង១កន្លែងស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប។ ក្នុងនោះ បានដកហូតឈើប្រណិតនិងឈើលេខ១ចំនួន ២ទីតាំង តែម្ចាស់បានរត់គេចខ្លួនបាត់។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

លោក អ៊ឹង គឹមលាង បានព្រមានថា ម្ចាស់អាជីវកម្មណានៅតែបន្តសកម្មភាពល្មើសច្បាប់តទៅទៀត នឹងត្រូវប្រឈមមុខនឹងចំណាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។ កន្លងទៅ អាជ្ញាធរខេត្តធ្លាប់បានចុះណែនាំ និងបញ្ឈប់មិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែទីតាំងខាងលើរបស់ពួកគាត់នៅតែបន្ដធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់។

តាមរយៈប្រតិបត្តិការ កម្លាំងជំនាញសម្រេចដកហូតឧបករណ៍បម្រើឱ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន៖ ម៉ាស៊ីនតាប ៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង និងម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ៤គ្រឿង, ម៉ាស៊ីនខ្យល់, ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត ថែមទាំងបានដកហូតឈើប្រណិត និងឈើលេខ១ចំនួន ២ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង និងសរសរឈើមួយចំនួន តែម្ចាស់បានរត់គេចខ្លួនបាត់។

ក្រៅពីនេះ អាជ្ញាធរខេត្ត បានតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មកែច្នៃនេះជាបន្ទាន់។ ដោយឡែក ករណីឡធ្យូងក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ អាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…