រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–ចិន ចុះហត្ថលេខាលើគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពី គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងតំបន់ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងតំបន់ជិតខាង។

ជាមួយគ្នានេះ ការផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនសម្រាប់គម្រោងខាងលើ ក៏ត្រូវបានចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជួយអភិវឌ្ឍវិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនផងដែរ។

គម្រោងនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា–ចិន ក្នុងយុគសម័យថ្មី» ដែលមានគោលបំណងជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងសុខាភិបាល ឱ្យកាន់តែរឹងមាំ និងមានចីរភាព។

ប្រភព៖ ក្រសួងសុខាភិបាល
ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…