កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រុមការងារអន្តរមន្ទីរ រួមមាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីររ៉ែ និងថាមពល និងសាខា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូលក់ប្រេងក្នុងភូមិសាស្រ្តខេត្ត។
ជាលទ្ធផល នៅថ្ងៃទី៧ និងទី៨ ខែមីនា មុនពេលកែប្រែតម្លៃប្រេង ក្រុមការងារបានត្រួតពិនិត្យស្ថានីយ និងដេប៉ូចំនួន ៤៨ ទីតាំង ក្នុងនោះមាន ៣២ ទីតាំងបិទ ដោយសារអស់ស្តុកប្រេង។ ខណៈនៅថ្ងៃទី៩ ខែមីនា ក្រោយកែប្រែតម្លៃថ្មី ក្រុមការងារបានចុះពិនិត្យដល់ ២៥០ ទីតាំង ហើយមានដេប៉ូបិទចំនួន ២៦ ទីតាំង ដោយសារអស់ស្តុក ឬកម្ម៉ង់មិនទាន់មកដល់។
ស្ថានភាពស្តុកប្រេងបច្ចុប្បន្ន ស្ថានីយចំនួន ១៣ទីតាំង មានសាំងស្តុកប្រហែល ១៥,០០០ ដល់ ២០,០០០ លីត្រ និងម៉ាស៊ូតប្រហែល ៨,០០០ ដល់ ១០,០០០ លីត្រ។ ចំណែកដេប៉ូចំនួន ១៣៧ ទីតាំង មានសាំងស្តុកប្រហែល ២,០០០ ដល់ ៤,០០០ លីត្រ និងម៉ាស៊ូតប្រហែល ២,០០០ ដល់ ៣,០០០ លីត្រ។
ក្នុងនោះ ក្រុមការងារក៏បានណែនាំឱ្យអាជីវករអនុវត្តតម្លៃលក់តាមការកំណត់របស់ ក្រសួងពាណិជ្ជកម្ម មិនអនុញ្ញាតឱ្យបិទស្ថានីយបណ្តោះអាសន្ន បើនៅមានស្តុកប្រេង ហើយក៏មិនអនុញ្ញាតឱ្យលក់តាមប៊ីដុងផងដែរ៕ អត្ថបទ៖ ឡាយ កុល






