រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីបញ្ជាឱ្យស្រាវជ្រាវរកជនបង្កបើករថយន្តបុកមនុស្សស្លាប់៦នាក់រួមទាំងទារកនៅក្នុងផ្ទៃដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវរកជនបង្កបើករថយន្តបុកមនុស្សស្លាប់៦នាក់រួមទាំងទារកនៅក្នុងផ្ទៃមាតាផង យកមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ ខណៈជនបង្កត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោកឧត្តមសេនីយត្រី ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីចេញបទបញ្ជានៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដនៅយប់ថ្ងៃទី២៧ ខែមីនា ដែលបង្កឱ្យមនុស្ស៦នាក់បានស្លាប់រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ទន្ទឹមនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ ក៏មានបងប្អូនមួយចំនួនបានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

បើតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី បានបញ្ជាក់ថា៖ «ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ សម្តេចបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ»។

សម្តេចធិបតីបានក្រើនរំលឹកឡើងវិញថា ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ នឹងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សម្តេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំនាពេលខាងមុខ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក MERCEDES BENZ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងបណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់រួមទាំងកូននៅក្នុងផ្ទៃមាតាផង ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណជនបង្កបានហើយមានឈ្មោះ ស៊ីវ  ជ័យសិដ្ឋ ជាកូនប្រុសរបស់លោកឧត្តមសេនីយត្រី ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី០១ ខែមេសាខាងមុខ វេលាម៉ោង១០ព្រឹក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…