រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្នងការភ្នំពេញថាការចាប់ខ្លួនអតីតសង្ឃជា វុទ្ធីត្រឹមត្រូវតាមច្បាប់ព្រោះលួចមានស្រីខណៈអាដហុកថាពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី គឺត្រឹមត្រូវបាននីតិវិធីដោយផ្នែកលើអង្គហេតុ និងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់ ព្រោះជនត្រូវចោទរូបនេះ បានប្រព្រឹត្តខុសវិន័យសង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្នុងនាមខ្លួនជាព្រះសង្ឃបានលួចលាក់មានស្នេហាជាមួយស្រ្តីក្មេងៗជាច្រើន ហើយជួនកាលលួចដោះស្បង់ជីពរណាត់ជួបស្រីស្នេហ៍រហូតមានកូនថែមទៀតផង។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា បានបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ចំណែក សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានបញ្ជាក់ថា ការចាប់ខ្លួន និងការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើអតីតព្រះអង្គ ជា វុទ្ធី ដាក់ពន្ធនាគាររាជធានីភ្នំពេញ គឺពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន។ ការអះអាងដូច្នេះនេះ សមាគមអាដហុក សំអាងទៅលើការបញ្ជាក់ពីព្រះអង្គ ជា វុទ្ធី ផ្ទាល់មុនពេលចាប់ខ្លួន និងការបញ្ជាក់ពីក្រុមព្រះសង្ឃដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នាថា ការចាប់ខ្លួននេះអាចទំនងបណ្តាលមកពីសំណេររបស់ព្រះអង្គ ជា វុទ្ធី ដែលបានសរសេរលើបណ្តាញសង្គមពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែយ៉ាងណាសំណេរនោះត្រូវបានលុបវិញកាលពីប៉ុន្មានថ្ងៃមុនពេលចាប់ខ្លួន។

អតីតព្រះសង្ឃ ជា វុទ្ធី ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមេសា នៅវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅរសៀលថ្ងៃទី០២ ខែមេសា។ ចំណែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានចាត់ទុកការចចាប់ផ្សឹក និងវ៉ៃខ្នោះលើអតីតព្រះភិក្ខុ ជា វុទ្ធី ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសាសនា សេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ និងជាការបង្ហាញពីការប្រើអំណាចហួសហេតុ ដែលផ្ទុយនឹងគោលការណ៍នីតិរដ្ឋ។

ប៉ុន្តែទោះបីជាយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលការលើកឡើងទាំងនេះ ហើយថា គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…