រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍អាទិភាពមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងបួនរបស់កម្ពុជាដែលមានសក្ដានុពល និងទាក់ទាញទេសចរណ៍

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ  អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្ដង់ដា MICE អាស៊ាន ទាំង៣ប្រភេទ”គឺមានសារសំខានដោយខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍អាទិភាពមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងបួនរបស់កម្ពុជាដែលមានសក្ដានុពល និងទាក់ទាញទេសចរណ៍ដោយធនធានធម្មជាតិ និងសេដ្ឋកិច្ចដ៏វិសេសវិសាល ដោយឡែកការអភិវឌ្ឍ និងទាក់ទាញទេសចរណ៍ផ្អែកលើសក្ដានុពលដូចជាប្រភេទសកម្មភាពទេសចរណ៍ម៉ៃយ៍ (MICE Tourism) ទេសចរណ៍ទីក្រុង ទេសចរណ៍តំបន់ឆ្នេរ ទេសចរណ៍នាវាកម្សាន្ដ កីឡាទេសចរណ៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេង សហគមន៍ទេសចរណ៍ ទេសចរណ៍វប្បធម៌ និងម្ហូបអាហារជាដើម។

ទន្ទឹមនេះ ទេសចរណ៍ម៉ៃយ៍ (MICE Tourism) គឺជាផ្នែកមួយយ៉ាងសំខាន់នៃចក្ខុវិស័យនៃផែនការអភិវឌ្ឍទេសចរណ៍ខេត្ត និងស្របតាមរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍន៍ “ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចអភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាតវៃ និងបរិយាបន្ន”។

បច្ចុប្បន្នខេត្តព្រះសីហនុមានមូលដ្ឋានអាជីវកម្មសរុបចំនួន ៥៦៣កន្លែង បុគ្គលិកបម្រើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍សរុប ១០,៣១៤នាក់ ស្រី ៥,២៤២នាក់ កើនឡើង ១៧នាក់ ។ 

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្ដង់ដា MICE អាស៊ាន ទាំង៣ប្រភេទ”ដែលមានសារៈសំខាន់នាពេលនេះដោយមានការចូលរួមពីឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក មីន កុម្ភៈ  អភិបាលរងខេត្តព្រះសីហនុលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារស៊ីប្រ៊ីស ខេត្តព្រះសីហនុ។

នាឱកាសនោះដែរឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថាតាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ក៏បានកំពុងលើកកម្ពស់វិស័យទេសចរណ៍ ជំរុញឱ្យមានការយកចិត្តទុកដាក់ដល់ការធ្វើ ពិពិធកម្មផលិតផល ការពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍ ការលើកកម្ពស់ កិត្យានុភាពជាតិ តាមរយៈ «ការស្រលាញ់ជាតិត្រូវស្គាល់ទឹកដី ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងន័យនេះ ដើម្បីសម្រេច បានកិច្ចសហការ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ បានធ្វើការងារយ៉ាងជិតស្និទ្ធ និងត្រូវការ ការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ មានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កិច្ចសហការជាមួយវិស័យឯកជនក្នុង និងក្រៅប្រទេស ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងទេសចរណ៍ សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំសិក្ខាសាលាស្តីពី «ស្តង់ដា MICE អាស៊ាន ទាំង៣ប្រភេទ» អមជាមួយនឹងកម្មវិធីចែកពានរង្វាន់ជ័យលាភីស្តង់ដា MICE អាស៊ាន ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាទទួលបាននូវចំណេះដឹង បទពិសោធ ថ្មីៗបន្ថែមទៀត ក៏ដូចជា ការដាក់ចេញនូវផែនការសកម្មភាពជាអាទិភាព ដើម្បីជំរុញការ អភិវឌ្ឍ គ្រប់គ្រង និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ MICE ព្រមជាមួយ នឹងការចូលរួមលើកកម្ពស់កិត្យានុភាព និងឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍ កម្ពុជាទាំងថ្នាក់ជាតិ និងទាំងថ្នាក់តំបន់ផងដែរ។

ឯកឧត្តមបញ្ជាក់ថា ក្នុងយុទ្ធនាការ ក្រោមទិសស្លាក ចំនួន ៣ រួមមាន៖ទី១ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ទី២. ទេសចរណ៍រីក លូតលាស់ក្នុងសន្តិភាព ទី៣. បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…