រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃចង់ដកខ្លួនពី MoU-២០០១ តែកម្ពុជាថាឯកសារនេះនៅតែមានសុពលភាពហើយសោកស្តាយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ទោះបីជាប្រទេសថៃចង់ដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU-២០០១) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រក៏ដោយ ក៏ឯកសារនេះនៅតែមានសុពលភាពដដែល ហើយការដកខ្លួនជាឯកតោភាគីរបស់ថៃត្រូវបានកម្ពុជាបង្ហាញការសោកស្តាយយ៉ាងខ្លាំង។

ការបញ្ជាក់ដូច្នេះ បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចោទសួរពាក់ព័ន្ធនឹងការពិចារណារបស់ប្រទេសថៃក្នុងការដកខ្លួនចេញពី MoU-២០០១ ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៨ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានពន្យល់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជានិងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិដែរ។

អនុស្សរណៈឆ្នាំ២០០១ បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្ដីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ។

កម្ពុជាបង្ហាញការសោកស្តាយយ៉ាងខ្លាំងប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី អនុស្សរណៈឆ្នាំ២០០១ និងចាត់ទុកការដកខ្លួននេះ ជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ។ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និង ឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…