រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាមានឆន្ទៈមោះមុតក្នុងការចូលរួមចំណែកធានាការពារសុខសន្តិភាព ទាំងក្នុងតំបន់ និងពិភពលោក

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយ(អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃអង្គារទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរួមចំណែកកាន់តែច្រើនដល់ការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធន៍ និងការបញ្ចប់សង្រ្គាមនិងការផ្សះផ្សាជាតិ របស់កម្ពុជាតាម គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។

សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត៣០០នាក់។

សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា ការគិតរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពិតជាមានសារៈ សំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយ និងការកសាងប្រព័ន្ធអន្តរជាតិ ដែលកាន់តែមានលក្ខណៈបរិយាបន្ន ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសលោកខាងត្បូង (Global South) ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការរៀបចំនូវទម្រង់ បង្កើតនូវបទដ្ឋាន និងពង្រឹងនូវអភិបាលកិច្ចសកល។ តំបន់អាស៊ាន និងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហា និងរងសម្ពាធយ៉ាង ច្រើនរាប់មិនអស់ រួមទាំងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម ព្រមទាំងសញ្ញានៃការបែកខ្ញែកសេដ្ឋកិច្ច វិវាទនានាទាក់ទងនឹងអធិបតេយ្យ និងជម្លោះប្រដាប់អាវុធ រួមផ្សំនឹងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រ ស្មាញ វិសមភាពកាន់តែរីកធំឡើង សន្តិសុខសុខភាពសកល ភាពរអាក់រអួលនៃបច្ចេកវិទ្យា និងវិបត្តិមនុស្សធម៌ ជាដើម។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា «យើងត្រូវរួមគ្នារារាំងឯកតោភាគីនិយម អាកប្បកិរិយា អនុត្តរភាពនិយម និងការការពារនិយម ដែលធ្វើឱ្យខូចដល់អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ។ យើងត្រូវមានភាពក្លាហាន និងចូលរួមដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើយើងមិនក្រោកឈរទេ អ្នកណានឹងក្រោកឈរឡើង?»។

សូមជម្រាបដែរថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…