រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

របួសមនុស្ស៦នាក់និងផ្ទះ៣៤ខ្នងខូចខាតដោយសារខ្យល់កន្ត្រាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខ្យល់កន្រ្តាក់ដើមរដូវវស្សា បានធ្វើឱ្យមនុស្ស ៦នាក់រងរបួស និងផ្ទះពលរដ្ឋ៣៤ខ្នងដួលរលំ និងរបើកដំបូលរងការខូចខាតនៅភូមិចំនួន២ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែមេសា។

បើតាមរបាយការណ៍របស់លោក ប៉ាត់ គន មេឃុំផ្លូវទូក បានឱ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣៤ខ្នងរងការខូចខាត ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) ក្នុងនោះរលំទាំងស្រុងចំនួន៦ខ្នង និងរបើកដំបូលជញ្ជាំងចំនួន២៨ខ្នង ព្រមទាំងរបួសមនុស្សចំនួន៦នាក់ (របួសធ្ងន់ម្នាក់) ត្រូវបានអាជ្ញាធរដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពទាំងយប់តែម្តង។

ជុំវិញនឹងករណីនេះ លោកមេឃុំផ្លូវទូក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន៣នៃមូលដ្ឋានរបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជាដើមរដូវវស្សាហើយងាយនឹងជួបប្រទះនូវហានិភ័យ ពិសេសគ្រោះធម្មជាតិផ្សេងៗដូចជា៖ ភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ជំនន់ទឹកទន្លេ...ជាដើម ដែលបង្កគ្រោះថ្នាក់និងបង្កការខូចខាតជាយថាហេតុ ខណៈពលរដ្ឋទាំងនេះភាគច្រើនរស់នៅតាមដងទន្លេ ហើយមានមុខរបរនេសាទ និងធ្វើស្រែចម្ការ។ ក្រៅពីការអំពាវនាវនេះ លោកក៏ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ ជាពិសេសការធ្វើដំណើរតាមផ្លូវទឹក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…