ក្រសួងបរិស្ថាន បានរំលឹកជាថ្មីម្តងទៀតដល់សាធារណជនថា រាល់ការលក់ ទិញ កាប់ឬដឹកជញ្ជូនដើមឈើចេញពីតំបន់ការពារធ្មជាតិ រួមមានដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។
បើតាមក្រសួងបរិស្ថាន ការបញ្ជាក់ដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានចាត់វិធានការច្បាប់តឹងរ៉ឹងដោយចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ឈើក្នុងតំបន់ការពារធម្មជាតិ និងបានឃាត់ខ្លួនបុគ្គលចំនួន ៤នាក់ ដែលបានប្រព្រឹត្តបទល្មើសកាប់ឈើ ក្នុតំបន់ការពារធម្មជាតិ ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។
ក្រសួង អះអាងថា នេះសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីជំហរដាច់ខាតក្នុងការប្រឆាំងការកាប់ឈើខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការបំពានលើបទប្បញ្ញត្តិបរិស្ថាន ដែលអាចនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ និងជាប់ពន្ធនាគារ។
បន្ថែមពីនេះ ក្រសួង អំពាវនាវឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត







