រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្រ្តីបរិស្ថានហាមពលរដ្ឋកុំឱ្យប្រើប្រាស់ទឹកព្រែកត្រែងនិងកុំបរិភោគត្រីងាប់ដោយសង្ស័យមានការបំពុលទឹក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្ទីរបរិស្ថានខេត្តបាត់ដំបង បានដាក់ចេញវិធានការស្នើសុំឱ្យអាជ្ញាធរហាមឃាត់ពលរដ្ឋកុំឱ្យប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និងកុំបរិភោគត្រីងាប់ ក្រោមហេតុផលសង្ស័យមានការបំពុលទឹកព្រែកត្រែង។ ការដាក់ចេញវិធានការបែបនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅក្នុងទឹកព្រែកត្រែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ភ្លាមៗ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត នៅថ្ងៃទី១៩ ខែមេសា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវដល់ទីតាំងដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង។ ចំណែកនៅថ្ងៃទី២០ ខែមេសា ក្រុមការងារបានបន្តចុះស្រាវជ្រាវករណីខាងលើបន្តទៀតហើយរកមិនឃើញមានករណីបំពុលទឹកនោះទេ តែរកឃើញសំណាកត្រីងាប់មួយចំនួន។ ជាក់ស្ដែង កន្លែងមានត្រីងាប់និងទឹកមានធំក្លិនស្អុយក្នុងព្រែកត្រែង ស្ថិតនៅចម្ងាយ ៦០០ម៉ែត្រពីផ្នែកខាងក្រោមរោងចក្រកែច្នៃស្វាយចំនួនពីរ។ តែទោះបីជាយ៉ាងណា ក្រុមការងារមិនបានរកឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងទឹកព្រែកត្រែងនៅឡើយទេ។ ការរកមិនឃើញ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រ ទឹកដែលបានបញ្ចេញមកក្រៅមានពណ៌ថ្លា និងមិនមានក្លិនស្អុយដែរ។

យ៉ាងណា ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រនៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតនៅក្បែរកន្លែងសង្ស័យ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…