រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្រុងប៉ោយប៉ែត ខណៈសមត្ថកិច្ចបាញ់ព្រមាន ក្រុមជនសង្ស័យឆបោក និងឃាត់ខ្លួនជាង ៣០០ នាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនគរបាលជាច្រើនរូប បានចុះឡោមព័ទ្ធទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២ កន្លែង ដើម្បីបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ក្នុងស្ថានភាពតឹងតែង។

ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមជនសង្ស័យនៅក្នុងអគារ បានព្យាយាមសម្រុកទម្លាយរបាំងបិទខ្ទប់របស់សមត្ថកិច្ច។ ស្ថានការណ៍បានប្រែជាវឹកវរ ដោយមានការគប់បោះតុ កៅអី ចេញពីអគារ ហើយជនសង្ស័យខ្លះបានរត់គេចទៅតាមផ្លូវក្បែរនោះ។ ដើម្បីទប់ស្កាត់ភាពចលាចល កងរាជអាវុធហត្ថបានសម្រេចបាញ់កាំភ្លើងព្រមានជាច្រើនគ្រាប់ ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យមានរបៀបរៀបរយឡើងវិញ។

ប្រតិបត្តិការនេះទទួលបានជោគជ័យយ៉ាងធំធេង ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាង ៣០០ នាក់ (ភាគច្រើនជាជនបរទេស) ព្រមទាំងដកហូតសម្ភារៈប្រើប្រាស់ក្នុងបទល្មើស ដូចជា កុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានគ្រប់គ្រង និងបញ្ជូនទៅអង្គភាពជំនាញ ដើម្បីបន្តនីតិវិធី។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…