នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបមិត្តដែកថែបចិនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ។
ការបញ្ជាក់ប្រាប់មិត្តចិនដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នារសៀលថ្ងៃទី២២ ខែមេសា ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅរាជធានីភ្នំពេញ។
ទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងទឹកដីកម្ពុជាជាច្រើនទីតាំងផ្សេងគ្នា។ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ បានអះអាងថា កងកម្លាំងប្រដាប់អាវុធថៃនៅបន្តពង្រឹងកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតនៅក្នុងទឹកកម្ពុជា។ ក្នុងនោះ ខេត្តព្រះវិហារ មាននៅឃុំស្រអែម ស្រុកជាំក្សាន្ត និងនៅក្នុងតំបន់ប្រាសាទព្រះវិហារ ចំណែក ខេត្តឧត្តរមានជ័យ មាននៅស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង និងនៅតំបន់ថ្មដូន។ រីឯ ខេត្តពោធិ៍សាត់ មាននៅឃុំថ្មដា ស្រុកវាលវែង និងតំបន់អូរភ្លុកដំរី។ ប៉ុន្តែយ៉ាងណា កម្ពុជា បានចេញមុខតវ៉ាយ៉ាងដាច់អហង្ការជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពឈ្លានពានដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ៕
ដោយ៖ ង៉ែត ពិសាន្ត







