នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មីមួយគឺ «៥មិន ៥ត្រូវ» សម្រាប់ឱ្យយោធិននៃកងរាជអាវុធហត្ថគ្រប់រូបយល់ដឹង។
សម្រាប់គោលការណ៍ «៥មិន» រួមមាន៖
ទី១៖ មិនមែនជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកបង្កហេតុស្លាប់ដោយផឹកស៊ីស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែក វាយដំទាត់ធាក់គ្នានោះទេ។
ទី២៖ មិនមែនជាវត្តអារាម។
ទី៣៖ មិនមែនជាមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន។
ទី៤៖ មិនមែនជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃនោះទេ។
ទី៥៖ មិនខ្ជះខ្ជាយ មិនមែនជាកន្លែងចាំតែទទួលប្រាក់បៀវត្សពីពន្ធរបស់ប្រជាពលរដ្ឋ ហើយដើរចោលអង្គភាព មិនបំពេញការងារនោះទេ។
សម្រាប់គោលការណ៍ «៥ត្រូវ» រួមមាន៖
ទី១៖ ហ្វឹកហាត់ និងលេងកីឡាជាប្រចាំ ដើម្បីពង្រឹងសុខភាពកាយសម្បទាឱ្យមាំមួន។
ទី២៖ រៀនសូត្រ និងស្វែងយល់បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពទាំងច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ នីតិវិធី វិន័យ បទបញ្ជា ឋានានុក្រមកងទ័ព និងភាសា បច្ចេកវិទ្យា វិទ្យាសាស្ត្រ។
ទី៣៖ ហ្វឹកហ្វឺនយោធា និងវិជ្ជាជីវៈកងរាជអាវុធហត្ថឱ្យស្ទាត់ជំនាញជាប្រចាំ និងធ្វើជាគំរូល្អក្នុងការរស់នៅ រៀនសូត្រ ធ្វើការ និងគោរពច្បាប់។
ទី៤៖ ការពារជាតិ ការពារបូរណភាព និងអធិបតេយ្យជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាប និងស្រាវជ្រាវបទល្មើស ដើម្បីពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ និងជួយប្រជាជននៅពេលជួបការលំបាក។
ទី៥៖ សន្សំសំចៃ រក្សាអនាម័យ ដាំដើមឈើ ថែរក្សាបរិស្ថាន បង្កើនផល កែលម្អជីវភាពរស់នៅ និងកសាងអង្គភាព ព្រមទាំងគ្រប់គ្រងថែរក្សាអាវុធ គ្រាប់ មធ្យោបាយ បរិក្ខារ និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យគង់វង្ស។
ជាមួយការដាក់ចេញគោលការណ៍ «៥មិន ៥ត្រូវ» ខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ក្នុងសម័យបច្ចុប្បន្ន មនុស្សអាចទទួលបានព័ត៌មានច្រើន និងលឿនក្នុងពេលតែមួយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានចោទសួរថា៖ «ក្រោយការអប់រំ យើងជួបគ្នា យើងសួរមើល តើពួកគេចងចាំឬអត់? ម៉្យាងវិញទៀត ត្រូវឱ្យពួកគេប្រើប្រាស់ខួរក្បាល ចេះគិតត្រិះរិះពិចារណា កុំឱ្យរង់ចាំនិយាយតាម AI ឬជឿលើព័ត៌មានបោកប្រាស់»៕ ដោយ៖ ប៉ៃ សុឃីម




