ក្រសួងមហាផ្ទៃកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់លើករណីប៉ូលិសស័ក្តិ៥ម្នាក់ដែលប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងបញ្ជូនទៅដាក់គុកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងបង្ហាញសកម្មភាពរបស់ខ្លួនជក់បារីអេឡិចត្រូនិចនៅតាមទីសាធារណៈ។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ឌៃ បានអះអាងថា «ថ្នាក់ដឹកនាំក្រសួងបានឃើញហើយ ហើយកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងពិនិត្យករណីនេះឱ្យបានគ្រប់ជុងជ្រោយ។
ប៉ូលិសស័ក្តិ៥ម្នាក់នេះមានតួនាទីជា វរសេនីយ៍ឯក ដែលត្រូវបានគេស្គាល់ឈ្មោះថា ខៀវ សុងច័ន្ទសុធា បានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៣ ខែមេសា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្របពេលដែលកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននោះ។
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មហាជននាំគ្នាសម្តែងការហួសចិត្ត ដោយសារភាគីខាងម្ចាស់រថយន្តផ្លាកលេខនគរបាលរបស់លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ប្រើពាក្យសម្តីខ្លាំងៗគំរាមវាយខ្នោះនិងបញ្ជូនភាគីអ្នកបង្កទៅដាក់ពន្ធនាគារភ្លាមៗ ដោយមិនបានប្រើវិធីដោះស្រាយផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោកឡើយ។ ទន្ទឹមនឹងនេះ លោកប៉ូលីសស័ក្តិ៥រូបនេះ ក៏បានបង្ហាញសកម្មភាពជក់បារីអេឡិចត្រូនិចនៅតាមទីសាធារណៈថែមទៀត។ យ៉ាងណាមិញ កន្លងទៅ ប៉ូលិសស័ក្តិ៥ម្នាក់នេះ ក៏ធ្លាប់ប្រើពាក្យសម្តីមិនសមរម្យដាក់អ្នកដឹកជញ្ជូនម្ហូបអាហារឱ្យខ្លួនឯងផងដែរ ហើយពេលនោះមហាជនក៏មានការរិះគន់យ៉ាងខ្លាំងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត






