រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្កាយ៣ អ៊ុក ហៃសីឡានិងផ្កាយ២ សរ សំណាងត្រូវបានតុលាការចោទពីបទស៊ីសំណូកនិងលាងលុយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទីបំផុត ប៉ូលិសផ្កាយ៣ អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយ២ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមទាំងបក្ខពួក៤នាក់ផ្សេងទៀត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចបើកការចោទប្រកាន់ជាផ្លូវការពីបទ ស៊ីសំណូក និងបទលាងលុយកខ្វក់។ 

ឯកឧត្តម ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសានេះថា លោក អ៊ុក ហៃសីឡា ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងលោក សរ សំណាង មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់៤បទល្មើសដូចគ្នាដែលរួមមាន៖ បទស៊ីសំណូក, បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា៣២ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ 

ចំណែក បុគ្គលឈ្មោះ កូ ពិសី និងឈ្មោះ យ៉ាត កុសល ហៅអួង ត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក និងបទសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា២៩ មាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ក្រៅពីមនុស្ស២នាក់ខាងលើ ក៏មានបុគ្គលឈ្មោះ មាស ម៉ារិន ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និងបទសម្អាតប្រាក់ តាមមាត្រា២៨, មាត្រា២៩ , មាត្រា៥៩៤ មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ថែមលើនេះ នៅមានជនបរទេសម្នាក់ទៀតឈ្មោះ ហ័ង ជីភូ (HOANG CHI PHU) ហៅTony ឬហៅ Nam ភេទប្រុស ជាជនជាតិវៀតណាម ដែលកំពុងរត់គេចខ្លួន ត្រូវបានស្ថាប័នអយ្យការចោទពីបទ សូកប៉ាន់ តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចចោទប្រកាន់មន្រ្តីនគរបាលជាន់ខ្ពស់ទាំង២រូប រួមទាំងបក្ខពួកនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងប្រមូលគ្រប់ភស្ដុតាង រហូតឈានដល់ការចាប់ខ្លួនជនជាប់ចោទទាំងនោះ កាលពីថ្ងៃទី១៩ខែមេសា ហើយត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២ ខែមេសា៕ 

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…