រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ទីរព័ត៌មានខេត្តព្រះសីហនុគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ(KPS99TV)

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS99TV) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអះអាងពីការគាំទ្រ និងផ្តល់កិច្ចសហការសម្របសម្រួលជាមួយស្ថានីយទូរទស្សន៍ KPS99TV ក្នុងការចុះអនុវត្តន៍ការងារដើម្បីទទួលបានព័ត៌មានពិត និងជំរុញឱ្យវិស័យផ្សព្វផ្សាយមានការរីកចម្រើនកាន់តែល្អប្រសើរបន្ថែមទៀត។លោក Chen Si Hua អ្នកគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រ

ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS99TV) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអះអាងពីការគាំទ្រ និងផ្តល់កិច្ចសហការសម្របសម្រួលជាមួយស្ថានីយទូរទស្សន៍ KPS99TV ក្នុងការចុះអនុវត្តន៍ការងារដើម្បីទទួលបានព័ត៌មានពិត និងជំរុញឱ្យវិស័យផ្សព្វផ្សាយមានការរីកចម្រើនកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Chen Si Hua អ្នកគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងគណៈប្រតិភូដែលបានចំណាយពេលដ៏មានតម្លៃ និងមមាញឹកមកទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ KPS99TV ។ លោក បានជម្រាបជូនលោកប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុថា ខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យសេដ្ឋកិច្ច។ ដូច្នេះ ស្ថានីយទូរទស្សន៍ចង់ផ្សព្វផ្សាយពីសក្តានុពល និងភាពរីកចម្រើនទាំងនេះទៅក្រៅប្រទេស ជាពិសេសប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

លោក Xiao Ya Guang អគ្គនាយករងស្ថានីយទូរសទ្សន៍ខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីស្ថានីយបើកដំណើរសាកល្បងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥មក មានការគាំទ្រពីក្រសួងព័ត៌មានដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួង ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចកាលពីពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានយកចិត្តទុកដាក់លើស្ថានីយទូរទស្សន៍ KPS99TV ដែរ ដោយ ឯកឧត្តម បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាននៃ KPS99TV ចូលយកព័ត៌មាននៅគ្រប់កម្មវិធី និងវេទិកាទាំងអស់។ ក្នុងពេលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ឯកឧត្តមក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាននៃ KPS99TV ទៅជាមួយក្នុងការយកព័ត៌មានមកផ្សព្វផ្សាយដែរ។

បើតាមលោក Xiao Ga Guang ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ក៏បានចូលរួមយកព័ត៌មានក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញប្រារព្ធទិវាពលកម្ម ១ ឧសភា នៅខេត្តព្រះសីហនុ និងបានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តីទៀតផង។ អ្នកតំណាងស្ថានីយទូរទស្សន៍ KPS99TV ក៏បានចាត់ទុកមន្ទីរព័ត៌មានខេត្តព្រះសីហនុក៏ដូចជាអាណាព្យាបាលមួយដែរ និងសង្ឃឹមថា មន្ទីរព័ត៌មានខេត្ត និងថ្នាក់ដឹកនាំទាំងអស់ផ្តល់ការគាំទ្រដល់ស្ថានីយដើម្បីងាយស្រួលក្នុងការចុះទៅយកព័ត៌មាន។

ជាការឆ្លើយតប លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបង្ហាញនូវភាពរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរបស់ស្ថានីយទូរទស្សន៍ KPS99TV ដែលទទួលបានភាពរីចម្រើនប្រកបដោយផ្លែផ្កា។ លោកប្រធានមន្ទីរព័ត៌មានខេត្ត បានអះអាងថា នេះជាមោទនភាពសម្រាប់ខេត្តព្រះសីហនុ ហើយទៅថ្ងៃអនាគតលោកនឹងផ្តល់កិច្ចសហការជាមួយស្ថានីយដើម្បីជំរុញការងារឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

លោក ឱ សារឿន ក៏បានផ្តាំផ្ញើស្ថានីយទូរទស្សន៍ KPS99TV និងក្រុមការងារទាំងអស់អនុវត្តន៍ការងារឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងវិជ្ជាជីវៈនៃសារព័ត៌មាន។ ចំណុចមួយទៀត លោកប្រធានមន្ទីរព័ត៌មានខេត្ត ក៏សង្ឃឹមជឿជាក់ថា ពិភពលោកនឹងបានឃើញពីភាពរីកចម្រើន និងសមិទ្ធផលនៃសក្តានុពលរបស់ខេត្តព្រះសីហនុ តាមរយៈការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍ KPS99TV ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…