រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នៅកំពង់ចាម៖ មន្ត្រីត្រូវក្លាយជា «អ្នកបម្រើពលរដ្ឋពិតប្រាកដ» និងបង្ក្រាបដាច់ខាតបទល្មើសឆបោកអនឡាញ-គ្រឿងញៀន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កំពង់ចាម៖ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលថ្នាក់មូលដ្ឋាន និងពង្រឹងការតភ្ជាប់ជិតស្និទ្ធរវាងតំណាងរាស្ត្រ និងប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៅខេត្តកំពង់ចាម សរុបចំនួន ១,១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ សម្តេចតេជោ បានដាក់ចេញទិសដៅសំខាន់ៗសម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយផ្តោតលើការផ្លាស់ប្តូរផ្នត់គំនិត និងការអនុវត្តតួនាទីឱ្យមានទំនួលខុសត្រូវខ្ពស់។ សម្តេចបានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវយល់ច្បាស់ថា «ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ» មិនមែនជាអ្នកកាន់អំណាចលើប្រជាពលរដ្ឋឡើយ ហើយត្រូវផ្តល់សេវាសាធារណៈឱ្យមានល្បឿនរហ័ស ទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានេះ សម្តេចក៏បានព្រមានចំពោះអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីមួយចំនួន ដែលប្រើប្រាស់អំណាចក្នុងទិសដៅខុស ឬបង្ហាញភាពអួតអាង និងឥទ្ធិពលគ្រួសារនិយម ដែលអាចបង្កការខកចិត្ត និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។

នៅផ្នែកសន្តិសុខសង្គម សម្តេចប្រធានព្រឹទ្ធសភា បានណែនាំឱ្យអាជ្ញាធរខេត្តបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបង្កើនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ បញ្ហាគ្រឿងញៀនក៏ត្រូវបានកំណត់ជាអាទិភាព ដែលត្រូវបន្តអនុវត្តវិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ និងជាបន្តបន្ទាប់។

ជាពិសេស សម្តេចបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៍យុត្តិធម៌ មិនលំអៀង និងលើកទឹកចិត្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់ឱ្យបានឆាប់រហ័ស និងរក្សាស្ថិរភាពសង្គមយូរអង្វែង។ ដោយ៖ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…