រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាបានទៅដល់ដៃរដ្ឋសភាកំពុងពិនិត្យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការដោយចាត់ទុកជាការប្រញាប់ នៅពេលនេះសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា បានបញ្ជូនទៅដល់ដៃរដ្ឋសភាហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកផេកផ្លូវការនៅមុននេះបន្តិច។

បើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារនេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចប្រគល់ជូនគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមេសា ដោយប្រកាសជាការប្រញាប់ក្នុងការតម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ទៅដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ សេចក្តីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរនិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

ក្រៅពីការអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…