រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស៊ីម៉ាក់៖ ការបាញ់គ្រាប់បែកចង្កោមលើកម្ពុជា បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងរារាំងសេដ្ឋកិច្ច

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កងកម្លាំងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមតំបន់នានា ដើម្បីរំដោះដីធ្លីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់វិញបានដោយសុវត្ថិភាព។ ការងារនេះផ្តោតជាពិសេសលើតំបន់សេដ្ឋកិច្ចសង្គម ដែលប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ធ្វើកសិកម្ម ដូចជា ចម្ការដំឡូង និងដីស្រែដែលកំពុងត្រូវប្រមូលផល។

បើតាមលោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា គ្រាប់បែកចង្កោមទាំងនេះ គឺជាសំណល់ពីសកម្មភាពយោធា ដែលបានបាញ់ចូលមកលើភូមិឋាន ស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ វាបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស បំផ្លាញបរិស្ថានរស់នៅ និងក្លាយជាឧបសគ្គរារាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះ។

បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់ថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅតែជាបញ្ហាប្រឈមធំមួយសម្រាប់កម្ពុជា ព្រោះវាមិនត្រឹមតែបង្កគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងការប្រើប្រាស់ដីធ្លី និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលវែងផងដែរ។

ក្នុងន័យនេះ លោក ហេង រតនា បានអំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីបង្ការគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគាំទ្រការងារបោសសម្អាតឲ្យបានលឿន និងមានប្រសិទ្ធភាព។ គោលបំណងចម្បង គឺដើម្បីរំដោះដីធ្លីឲ្យបានឆាប់រហ័ស សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសុវត្ថិភាពជីវិតប្រជាពលរដ្ឋ ស្របតាមទិសដៅ និងវិធានការដឹកនាំរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…