រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រោយឆាកមហោស្រពក្បាច់គុនកម្ពុជា-ចិន៖ ត្រៀមថតឯកសារយុទ្ធគុនខ្មែរ-សៅលីង ផ្សព្វផ្សាយទៅកាន់ពិភពលោក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា លើសពីការសម្តែងរួមគ្នាក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក៏នឹងមានការត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ការលើកឡើងនេះ ត្រូវបានឯកឧត្តមធ្វើឡើងក្នុងបទសម្ភាសន៍មួយ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា ការងារនេះគឺជាកិច្ចសហការជាមួយក្រសួងទេសចរណ៍ តាមការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់យុទ្ធគុនសៅលីង និងយុទ្ធគុនចម្រុះកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ក្នុងនាមសហព័ន្ធកីឡាពាក់ព័ន្ធ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការចូលរួមសម្តែង និងថតឯកសារនេះ បន្ទាប់ពីទទួលបានបទពិសោធន៍ជោគជ័យពីការសហការកាលពីឆ្នាំមុន។ លោកបានសង្កត់ធ្ងន់ថា យុទ្ធគុនមិនត្រឹមតែជាសិល្បៈការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្តសញ្ញាណវប្បធម៌ ទេសចរណ៍ និងជាសញ្ញានៃទំនាក់ទំនងល្អរវាងប្រទេសផងដែរ។

ឯកឧត្តមបានលើកឡើងថា «យុទ្ធគុនគឺជាមរតកវប្បធម៌ដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីអរិយធម៌ និងប្រវត្តិសាស្ត្ររុងរឿងរបស់កម្ពុជា ជាពិសេសសម័យអង្គរ ដែលកើតឡើងដោយសារភាពខ្លាំងនៃយុទ្ធគុន យុទ្ធសាស្ត្រ និងសិល្បៈការពារជាតិ។ ដូច្នេះ យើងត្រូវបន្តថែរក្សា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ»។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការថតឯកសារខ្លីរួមគ្នានេះ នឹងក្លាយជាឧបករណ៍សំខាន់សម្រាប់ផ្សព្វផ្សាយយុទ្ធគុនកម្ពុជា និងសៅលីងទៅកាន់ឆាកអន្តរជាតិ ដោយមានគុណភាពស្តង់ដាអន្តរជាតិ និងអាចទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនទូទាំងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមបានអះអាងថា គម្រោងនេះស្របតាមគោលនយោបាយលើកកម្ពស់វប្បធម៌ និងទេសចរណ៍របស់រាជរដ្ឋាភិបាល ក្រោមការជំរុញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការស្រាវជ្រាវ និងលើកតម្កើងអត្តសញ្ញាណយុទ្ធគុនខ្មែរ។

គួរបញ្ជាក់ថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដែលរៀបចំដោយក្រសួងទេសចរណ៍ នឹងប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយបង្ហាញការសម្តែងរួមគ្នារវាងក្បាច់គុនបុរាណខ្មែរ និងក្បាច់គុនចិន ដូចជា គុនល្បុក្កតោ យុទ្ធគុនខម ប្រដាល់គុនខ្មែរ កុងហ្វូសៅលីង និងថាយជី ដោយរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាតិ និងអន្តរជាតិជាង ១,០០០នាក់៕ ដោយ៖ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…