រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាត់ការព្រះរាជអាជ្ញារងម្នាក់ដែលដោះលែងឧក្រិដ្ឋជនឆបោកតាមអនឡាញ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងយុត្តិធម៌ចាត់ការលើព្រះរាជអាជ្ញារងម្នាក់នៅខេត្តពោធិ៍សាត់ ដែលហ៊ានដោះលែងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ សម្ដេចធិបតី ក៏បញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតព្រះរាជអាជ្ញារងរូបនេះក្នុងករណីទទួលសំណូកជាថ្នូរនឹងការដោះលែងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាយ៉ាងដូច្នេះ៖ «ខេត្តពោធិ៍សាត់ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ។ គណៈអភិបាលខេត្តដឹកនាំធ្វើការងារនេះបង្ក្រាបបានប៉ុន្មាននាក់ ជាមួយសមត្ថកិច្ចខំធ្វើការ ស្រាប់តែមានព្រះរាជអាជ្ញារងមួយឮសូរថាទៅដោះលែងជនដែលប្រព្រឹត្តបទល្មើសទាំងអស់នោះ។ ឥឡូវក្រសួងយុត្តិធម៌ចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ខាង ACU (អង្គភាពប្រឆាំងអំពីពុករលួយ) នៅក្នុងគណៈកម្មការចំពោះកិច្ចរបស់យើងត្រូវចាត់ការភ្លាមអត់មានចាំស្អែកទេ»។

ភ្លាមៗបន្ទាប់ពីមានបទបញ្ជាបន្ទាន់ពីសម្ដេចធិបតី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកក្កដា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាលេខ០១ បើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ក្នុងនោះ សម្តេចធិបតី បានព្រមានបញ្ចប់មុខតំណែងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមិនអនុវត្តបទបញ្ជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយតម្រូវឱ្យអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…