នេះជាសំណេរទាំងស្រុង និងវែងអន្លាយរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ដែលបានរៀបរាប់ពីការឈឺចាប់របស់ប្រទេសកម្ពុជា ដែលត្រូវបានជាតិសាសន៍មួយផ្សេងទៀត គឺប្រទេសថៃ មិនគោរពតម្លៃ ដោយបានប្រើកងកម្លាំងយោធា និងអាវុធធុនតូចធំជាច្រើន វាយប្រហារលើផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋស្លូតត្រង់។
ជាក់ស្តែង សំណេររបស់លោកបណ្ឌិត គិន ភា បានរៀបរាប់យ៉ាងដូច្នេះថា៖ «គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាន និងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងនោះបានដក់ជាប់យ៉ាងជ្រៅក្នុងបេះដូង និងមនោសញ្ចេតនារបស់ប្រជាជនខ្មែររួចទៅហើយ។»
លោកបណ្ឌិតបានបន្ថែមថា លោកសូមបង្ហោះរូបថតមួយចំនួន ដែលយកចេញពីបណ្តាញសង្គម ដែលបងប្អូនបានបង្ហោះរួចហើយ។ តាមរយៈរូបថតទាំងនេះ លោក និងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ឈាម និងពលីជីវិត ដើម្បីការពារទឹកដី និងប្រាសាទបុរាណ ដែលជាមរតកដូនតាខ្មែរ។ ប្រជាជនខ្មែរគ្រប់រូបនឹងចងចាំជានិច្ចចំពោះវីរភាព និងការលះបង់ដ៏អស្ចារ្យនេះ។
តាមរយៈការតស៊ូប្រយុទ្ធរយៈពេល ៥ ថ្ងៃកន្លងមក យើងបានឃើញយ៉ាងច្បាស់នូវមហាសាមគ្គី និងឯកភាពជាតិ របស់ប្រជាជនខ្មែរ ទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ ទាំងក្នុង និងក្រៅប្រទេស ដែលមិនធ្លាប់មានក្នុងរយៈពេលយូរមកហើយ។ មនុស្សគ្រប់រូបបានបង្ហាញពីការឈឺចាប់ចំពោះប្រទេសជាតិ និងបានបម្លែងអារម្មណ៍នោះទៅជាសកម្មភាពជាក់ស្តែង ដូចជា ការគាំទ្រផ្នែកស្មារតី សម្ភារៈ ថវិកា និងចំណេះដឹង តាមសមត្ថភាពរបស់ខ្លួន។ ចំណែកបងប្អូនខ្មែរនៅបរទេស ក៏បានចេញតវ៉ាប្រឆាំងអំពើឈ្លានពាននេះស្ទើរពាសពេញពិភពលោកផងដែរ។
លោកបានគូសបញ្ជាក់ថា យើងត្រូវយកស្មារតីសាមគ្គីនេះ បម្លែងជាកម្លាំងក្នុងការពង្រឹងឯកភាពជាតិយូរអង្វែង និងអភិវឌ្ឍសមត្ថភាពជាតិគ្រប់វិស័យសម្រាប់អនាគត។ ចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យមានការឈ្លានពានពីសត្រូវណាមួយឡើយ។
«ខ្មែររួម៖ រស់ ខ្លាំង អភិវឌ្ឍ» ខ្មែររួម ខ្មែររស់ ខ្មែរមានកេរ្តិ៍ឈ្មោះ ល្បីពេញលោកា ខ្មែរពូជអ្នកថ្កើង មានយសសក្ដា គ្មានជាតិសាសន៍ណា អាចប្រមាថបាន។ ខ្មែររួម ខ្មែរខ្លាំង ខ្មែរមានកម្លាំង ជ្រោងជាតិថ្កើងថ្កាន ការពារទឹកដី ព្រៃភ្នំ ភូមិឋាន រស់សុខក្សេមក្សាន្ត មានសុខសេរី។ ខ្មែររួម អភិវឌ្ឍ ទីក្រុងជនបទ រាជរដ្ឋបូរី ស្តារសេដ្ឋកិច្ចជាតិ ជឿនលឿនរាល់ថ្ងៃ ឱ្យស៊ីវិល័យ ទាន់សម័យលោក៕ អត្ថបទ៖ ឡាយ កុល

