រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រឿងទុរេន៖មន្រ្តីថាជារបស់ក្នុងស្រុកតែម្ចាស់ទុរេនឈ្មោះអាឡែនសារភាពថានាំចូលពីថៃ៣លើកតាមព្រំដែនកាបីន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បន្ទាប់ពីមានសារសម្លេងបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃ នៅពេលនេះម្ចាស់គណនីឈ្មោះអា ឡែន មានឈ្មោះពិត ព្រឿន សាក់ឡែន នៅខេត្តបាត់ដំបង បានសារភាពថា សម្លេងនេះជារបស់ខ្លួនដែលបានទាក់ទងជាមួយអ្នករកស៊ីជនជាតិថៃនិងបានទិញផ្លែទុរេនចំនួន៣លើកដោយឈ្មូញនៅថៃបានផ្ញើមកតាមព្រំដែនកាបីន។ ចំណែក កន្លងទៅ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង បានអះអាងថា ទុរេននោះមិនមែននាំចូលពីប្រទេសថៃទេ ពោលគឺទុរេនក្នុងស្រុកនាំមកពីកំពង់ចាម និងរាជធានីភ្នំពេញ។

ត្រង់ចំណុចនេះហាក់មានភាពផ្ទុយគ្នារវាងចម្លើយរបស់មន្រ្តីជំនាញ និងចម្លើយរបស់ម្ចាស់ទុរេនឈ្មោះអាឡែនដែលបានសារភាពនៅថ្ងៃទី០៤ ខែឧសភា។  ចំណុចនេះនាំឱ្យប្រជាពលរដ្ឋចោទសំណួរថា «គួរជឿខាងភាគីមួយណាឱ្យពិតប្រាកដ?» ខណៈលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកថា នេះវិបត្តិទំនុកចិត្តក្នុងសង្គមមិនគ្រាន់តែជាបាតុភូតសង្គមធម្មតាទេ ប៉ុន្តែវាជាសញ្ញាប្រកាសអាសន្នមួយដែលបញ្ជាក់ថា សង្គមយើងកំពុងបែកបាក់ ចុះខ្សោយ និងបាត់បង់សេចក្ដីថ្លៃថ្នូរ។ ស្ថានភាពនេះ បើនៅតែបណ្ដែតបណ្ដោយ និងមិនមានវិធានការដោះស្រាយទាន់ពេលវេលាទេ សង្គមនឹងជួបវិបត្តិធ្ងន់ធ្ងរដែលលំបាកនឹងងើបមុខរួច។ លោកបណ្ឌិតបន្តថា វិបត្តិទំនុកចិត្តនេះមិនមែនគ្រាន់តែជាបញ្ហាសីលធម៌ គុណធម៌ និងសច្ចធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹងវប្បធម៌នីតិរដ្ឋ និទណ្ឌភាព និងការអប់រំនៅក្នុងសង្គមយើង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ម្ចាស់ទុរេនឈ្មោះ ព្រឿន សាក់ឡែន មានគណនីឈ្មោះ អាឡែន បានសារភាពថា ពីខែមេសាដល់ដើមខែឧសភា ឆ្នាំ២០២៦ រូបគេបានទាក់ទងជាមួយជនជាតិថៃធ្លាប់ស្គាល់និងរកស៊ីជាមួយគ្នានាពេលកន្លងទៅដោយទិញផ្លែទុរេនបាន៣លើកចំនួនប្រមាណ ២,០០០គីឡូក្រាម ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម។ អាឡែន បានសារភាពទៀតថា ទំនិញទាំង៣លើកដែលកម្ម៉ង់ទិញនេះ បានដាក់តាមរថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលគេដឹកមកដល់។ អាឡែន បន្តថា ឈ្មួញនៅថៃបានផ្ញើទុរេនទាំងនេះតាមព្រំដែនកាបីន តែរូបគេមិនដឹងថា គេផ្ញើមកបានតាមរបៀណានោះទេ។ ជុំវិញនឹងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវលើករណីនេះបន្ថែមទៀតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធយកមកចាត់វិធានការច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…