លោកវេជ្ជបណ្ឌិត គួង ឡូ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹកឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម និងយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកនិងក្រុមមន្ត្រីសុខាភិបាល ចុះចែកមុងជូនប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត វត្តពើងអង្កាម និងភូមិតាកឹងបៃតង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
លោកបានណែនាំឱ្យប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅ កម្ចាត់ជម្រកមូសខ្លា និងគេងក្នុងមុងជាប្រចាំ ដើម្បីបង្ការជំងឺគ្រុនឈាម។ ជាមួយគ្នា លោកក៏បានជំរុញឱ្យយកចិត្តទុកដាក់បង្ការជំងឺមិនឆ្លង ដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម តាមរយៈការទទួលទានអាហារមានសុខភាព និងហាត់ប្រាណឱ្យបានទៀងទាត់។
លោកបានណែនាំដល់ប្រជាពលរដ្ឋដែលមានអាយុលើសពី ៤០ឆ្នាំ ឱ្យពិនិត្យសម្ពាធឈាម និងជាតិស្ករក្នុងឈាមជាប្រចាំ ខណៈស្ត្រីមានផ្ទៃពោះចំនួន ៨នាក់ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្ដែត នឹងទទួលបានសេវាពិនិត្យអេកូសាស្ត្រចល័តដោយផ្ទាល់ នៅថ្ងៃទី១០ ខែមិថុនា ដើម្បីតាមដានសុខភាពមាតា និងទារកក្នុងផ្ទៃ។
បន្ទាប់ពីចូលរួមយុទ្ធនាការចែកមុងជូនប្រជាពលរដ្ឋភៀសសឹកនៅវត្តទួលអណ្ដែត វត្តពើងអង្កាម និងភូមិតាកឹងបៃតង នៅរសៀលថ្ងៃទី០៩ ខែមិថុនាដដែល លោកប្រធានមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យវឌ្ឍនភាពការជួសជុលអគារសម្រាកពេទ្យនៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងបានណែនាំឱ្យមន្ត្រីគ្រប់រូបត្រៀមផែនការបង្ការក្នុងករណីមានការឈ្លានពានពីកងទ័ពថៃ។ បន្ថែមពីនេះ លោកប្រធានមន្ទីរ បានជំរុញឱ្យមន្រ្តីគ្រប់រូបពង្រឹងការផ្តល់សេវាសុខភិបាលឱ្យមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព មានភាពជឿជាក់ពីអ្នកជំងឺ ពីក្រុមគ្រួសារអ្នកជំងឺ និងត្រូវពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ហើយមន្ត្រីទាំងអស់ត្រូវចេះសាមគ្គីភាពដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ ង៉ែត ពិសាន្ត















