រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុគ្រោងបោះបង្គោលព្រំ១០០បង្គោលអភិរក្សព្រៃកោងកាងនៅស្រុកព្រៃនប់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រោមគម្រោង«បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា(CCA4CS)» របស់ក្រសួងបរិស្ថាន ដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងបោះបង្គោលព្រំចំនួន ១០០បង្គោលអភិរក្សព្រៃកោងកាង ក្នុងឃុំទឹកល្អក់ និងឃុំទឹកថ្លៃ ក្នុងស្រុកព្រៃនប់។

ក្នុងកិច្ចប្រជុំពិនិត្យទីតាំងបោះបង្គោលព្រំចំនួន ១០០បង្គោលអភិរក្សព្រៃកោងកាង នៅស្រុកព្រៃនប់ ដែលដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានឯកភាពលើការបោះបង្គោលព្រំនេះ ដោយឯកឧត្តមអះអាងថា ការចាប់ដៃគូសហការជាមួយអង្គការ UN-Habitat គឺទទួលបានសមិទ្ធផលល្អ និងអត្ថប្រយោជន៍ជាច្រើន។

ដោយឡែក បើតាមរបាយការណ៍របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសិក្សាបឋម ក្រុមការងារបានធ្វើការសិក្សា និងគូសចំណុចបោះបង្គោលព្រំដោយបោះចាប់ពីព្រែកសង្កែរ ស្ថិតនៅឃុំទឹកថ្លា ទល់នឹងឃុំទឹកល្អក់ចំនួន ១០០បង្គោល (ចន្លោះពីបង្គោលមួយទៅបង្គោលមួយទៀតប្រវែង ១៥០ម៉ែត្រ) សណ្តូកលើដៃព្រែកកំពង់ស្មាច់ប្រវែង ១០,១៨៤ម៉ែត្រ។

ចំពោះការបោះបង្គោលព្រំនេះ បើតាមលោកឡុង ឌីម៉ង់ អាចធ្វើទៅបាន ដោយបោះបង្គោលលើខ្សែព្រំប្រទល់តំបន់ព្រែកកំពង់ស្មាច់ (MFMA) ដោយផ្អែកតាមការពិនិត្យ និងការសិក្សាបឋមរបស់ក្រុមការងារជំនាញ បានរកឃើញមានលិខិតចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យចុះបញ្ជីដីជូនប្រជាពលរដ្ឋលើផ្ទៃដីទំហំ ១៨២,៩៧ហិចតា ក្នុងឃុំទឹកល្អក់ និងឃុំទឹកថ្លៃ នៅស្រុកព្រៃនប់ ដែលទីតាំងនេះស្ថិតក្នុងតំបន់គ្រប់គ្រងធនធានជលផលសមុទ្រព្រែកកំពង់ស្មាច់។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋបាលខេត្ត លើកឡើងថា ក្រោមការសម្របសម្រួល និងការគាំទ្របច្ចេកទេសពីនាយករដ្ឋាននៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ   មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការ UN-Habitat បាននិងកំពុងអនុវត្តការងារ និងទទួលបានលទ្ធផលសំខាន់ៗដូចជា៖ កំពុងសាងសង់លំនៅឋានបន្ស៊ាំនឹងអាកាសធាតុចំនួន ៧ខ្នងស្ថិតនៅឃុំទឹកល្អក់ ឃុំទឹកថ្លា និងឃុំសាមគ្គី សម្រេចបាន ៦០ភាគរយ ខណៈក្នុងឆ្នាំ២០២៤ សម្រេចបានការសាងសង់លំនៅឋានចំនួន ៤ខ្នងរួចមកហើយ។

ក្រៅពីនេះ បាននិងកំពុងសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅឃុំវាលរេញ ប្រវែង ១,០៦០ម៉ែត្រនៅមុខផ្សារវាលរេញ សម្រេចបាន ៧០ភាគរយ, បានបើកវគ្គបណ្តុះបណ្តាលដល់ក្រុមជាងនៅមូលដ្ឋានវគ្គ២ អំពីការសាងសង់លំនៅឋានរឹងមាំ និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងបានបញ្ចប់ការងារជួសជុលទ្វារទឹកព្រែកខ្មែរ នៅប៉ុលឌែរ ស្ថិតនៅសង្កាត់អូរឧកញ៉ាហេងផងដែរ។

ចំណុចមួយទៀត បានបញ្ចប់ការងារតំឡើងឧបករណ៍ព្យាករអាកាសធាតុនៅសាលាឃុំទឹកល្អក់ និងការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមកកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញអំពីការប្រតិបត្តិការ និងថែទាំឧបករណ៍ទាំងពីរ និងបានដាំជួសកូនកោងកាងចំនួន ៥,៥០០ដើមក្នុងតំបន់សឹករិចរិលលើផ្ទៃដីប្រមាណ ៥,៥ហិចតា ស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង និងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…