អ្នកតំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សំណើចំនួន៤ចំណុចទៅកាន់រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធឱ្យជួយសម្របសម្រួលដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទាក់ទាញអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៃប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។
លោកស្រី ផល្លា អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន សហគ្រាសជាង ២០០ក្រុមហ៊ុន បាននិងកំពុងដំណើរការនៅតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ ហើយលោកស្រីអះអាងថា លោកស្រីនឹងទាក់ទាញក្រុមហ៊ុនឱ្យបានគ្រប់៣០០ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅត្រឹមឆ្នាំ២០២៧។
លោកស្រីផល្លាបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំពិនិត្យសំណើចំនួន៤ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ជាមួយគ្នានេះ លោកស្រី ផល្លា បានលើកឡើងដោយក្តីសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានការរីកចម្រើនខ្លាំងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិនដែលមានគុណភាពឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ចំណុចនេះ លោកស្រី បញ្ជាក់ថា លុះត្រាតែតំបន់សេដ្ឋកិច្ចពិសេស មានបច្ចេកវិទ្យាទំនើបលំដាប់ខ្ពស់ផងដែរ។
ដូច្នេះដើម្បីសម្រេចគោលបំណងនៅត្រឹមឆ្នាំ២០២៧ក្នុងការស្រូបទាញក្រុមហ៊ុនឱ្យបានគ្រប់៣០០ក្រុមហ៊ុន លោកស្រីអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សំណើសុំបង្កើតភណ្ឌាគារគយមានដែនកំណត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីរក្សាទុកសម្ភារៈនិងទំនិញមួយចំនួនដែលផលិតហើយសម្រាប់ត្រៀមនាំចេញទៅប្រទេសចិន។ ដែលសំណើនេះ ត្រូវបានលោក រ័ត្ន និស័្សយ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកភាពឱ្យសាងសង់បាន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌដោយតម្រូវឱ្យបញ្ជូនប្លង់សាងសង់ទៅអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជាពិនិត្យដើម្បីឱ្យស្របតាមស្តង់ដារបច្ចេកទេស។
ចំណែក ការងារសាងសង់លឿនឬយឺត វាអាស្រ័យលើតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែទោះជាយ៉ាងណា លោកតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសន្យានឹងខិតខំជួយសម្របសម្រួលការងារនេះឱ្យបានលឿនឆាប់តាមដែលអាចធ្វើទៅបាន។
ចំណែក សំណើសុំការអភិវឌ្ឍថាមពន្លឺព្រះអាទិត្យក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុវិញ ត្រូវបានក្រសួងរ៉ែ និងថាមពល បដិសេធមិនអនុញ្ញាតឱ្យអនុវត្តគម្រោងអភិវឌ្ឍថាមពន្លឺព្រះអាទិត្យ ១០០លានវ៉ាត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ជា ណារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពល តំណាងឱ្យក្រសួងរ៉ែ និងថាមពល។
ការបដិសេធនេះ គឺឈរលើគោលការណ៍ច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតគតិយុត្តដែលមានចែងជាធរមាន។ ប៉ុន្តែយ៉ាងណា ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យលោកស្រីអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដាក់សំណើទៅកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដើម្បីសុំការអន្តរាគមន៍ពីឯកឧត្តម ហ៊ាន សាហ៊ីប ឱ្យជួយសម្របសម្រួលក្នុងការតស៊ូមតិចរចាជាមួយក្រសួង និងអង្គភាពអគ្គិសនីកម្ពុជា (EDC)បន្ថែមទៀត។
ដោយឡែក ពាក់ព័ន្ធនឹងសំណើសុំបង្កើតមន្ទីរពេទ្យសហគមន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមួយទៀត ត្រូវបានលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ឆ្លើយតបដោយគាំទ្រសហការក្នុងការទំនុកបម្រុងលើសម្ភារៈបរិក្ខា និងមន្រ្តីពេទ្យដែលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងមានការខ្វះខាត ដើម្បីផ្តល់សេវាកម្មវេជ្ជសាស្រ្តដល់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលរស់នៅទីនោះ។
រីឯសំណើក្នុងការសម្របសម្រួលើការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបញ្ចុះតម្លៃមកទាបបន្តិច ដើម្បីប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគត។ សំណើនេះ ត្រូវបានអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពន្យល់ថា តម្លៃចុះឬឡើងគឺស្ថិតលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដោយលោកបញ្ជាក់ថា បើបញ្ចុះតម្លៃឱ្យម្នាក់ គឺត្រូវបញ្ចុះតម្លៃឱ្យទាំងអស់គ្នា ព្រោះនេះជាយុទ្ធសាស្រ្តក្នុងការប្រកួតប្រជែង។ ត្រង់ចំណុចនេះ លោក បានបញ្ជាក់ថា កំពង់ផែខេត្តព្រះសីហនុ និងកំពង់ផែភ្នំពេញ មានយុទ្ធសាស្រ្តខុសគ្នា ដោយកំពង់ផែខេត្តព្រះសីហនុដឹកទំនិញចូលគឺយកតម្លៃថ្លៃ ប៉ុន្តែចេញវិញយកតម្លៃទាប ដែលនេះជាយុទ្ធសាស្រ្តឱ្យគេប្រើប្រាស់កំពង់ផែខេត្តព្រះសីហនុឱ្យបានច្រើន។ ចំណែក កំពង់ផែភ្នំពេញ ដឹកទំនិញចេញ-ចូលគឺតម្លៃថេរ។ នេះសបញ្ជាក់ថា កំពង់ផែខេត្តព្រះសីហនុមានតម្លៃទាបជាងកំពង់ផែភ្នំពេញ ប្រសិនបើយើងយកតម្លៃមកប្រៀបធៀបគ្នា។
យ៉ាងណាមិញ អ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ផងដែរថា នឹងយកសំណើររបស់លោកស្រីអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជម្រាបជូនឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជួយសម្របសម្រួលលើការងារបញ្ចុះតម្លៃនៃការដឹកជញ្ជូនផងដែរ។
ម៉្យាងវិញទៀត ពាក់ព័ន្ធនឹងសំណើទាំង៤របស់តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានរំឭកកាលពីឯកឧត្តមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ នាអំឡុងខែមិថុនា ឆ្នាំ២០២៥។ ក្នុងជំនួបជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុនៃប្រទេសកម្ពុជា, ឯកឧត្តមអភិបាលខេត្តជាំងស៊ូ បានសន្យាថា ក្នុងរយៈពេល៣ខែ នឹងខិតខំជំរុញអ្នកវិនិយោគមិនក្រោម៥០ក្រុមហ៊ុនទេឱ្យមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅចុងខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ទទួលដំណឹងថា នឹងមានគណៈប្រតិភូវិនិយោគចំនួន ៦០ក្រុមហ៊ុនមកសិក្សាស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដូច្នេះ ឯកឧត្តមអភិបាលខេត្ត ចង់ឱ្យក្រសួងស្ថាប័នជំនាញជួយសម្របសម្រួលដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជាឱកាសក្នុងទាក់ទាញអ្នកវិនិយោគផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ឡាយ កុល








