(ភ្នំពេញ) ៖ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ទទួលបានដំណោះស្រាយថ្មីមួយទៀត បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសសម្ពោធជាផ្លូវការនូវ «ច្រករបៀងឆ្លងកាត់ផ្លូវគោកថ្មី» កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ខ្សែសេដ្ឋកិច្ចថ្មីនេះ អនុញ្ញាតឱ្យកម្ពុជានាំចេញកសិផលចំនួន ៦មុខ ទៅកាន់ប្រទេសចិន ដោយចំណាយពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺលឿនជាងមុនដែលធ្លាប់ចំណាយពេលជាង ១០ថ្ងៃ។
យោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិផលទាំង ៦មុខដែលទទួលបានការអនុញ្ញាតសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ (Transit) នេះរួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងចរចារវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្ម-បរិស្ថានឡាវ ហើយវាគឺជាសញ្ញាវិជ្ជមាន និងជាផ្លូវថ្មីស្រឡាងសម្រាប់កសិករ ក៏ដូចជាម្ចាស់អាជីវកម្មកម្ពុជា ក្នុងការពង្រីកទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធនឹងការបើកច្រករបៀងនេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានពន្យល់បន្ថែមថា ការប្រើប្រាស់ច្រកផ្លូវគោកកាត់តាមឡាវ នឹងជួយសម្រួលដល់ការដឹកជញ្ជូនបានយ៉ាងច្រើន។ កសិផលកម្ពុជានឹងអាចតភ្ជាប់ទៅកាន់រថភ្លើងល្បឿនលឿនរបស់ឡាវឆ្ពោះទៅប្រទេសចិន ដែលមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងនីតិវិធីស្មុគស្មាញនានាបានយ៉ាងមានប្រសិទ្ធភាព។
ដើម្បីជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនេះ ទន្ទឹមនឹងការប្រកាសសម្ពោធ កម្ពុជាក៏បានធ្វើការបញ្ជូនទុរេនស្រស់ចំនួន ៤កុងតឺន័រ ឆ្ពោះទៅកាន់ទីផ្សារចិនតាមរយៈច្រករបៀងថ្មីនេះរួចរាល់ហើយដែរ៕
ដោយ ៖ ឡាយ កុល








