រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលាតិចណូបន្តចាត់ការច្បាប់ដើម្បីការពារប្រយោជន៍និស្សិត និងអតីតនិស្សិត រឿងសញ្ញាបត្រក្លែងក្លាយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ) ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយអះអាងថា ខ្លួនកំពុងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីក្លែងបន្លំសញ្ញាបត្រដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ការចេញមុខបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីមានការរិះគន់ និងចម្ងល់ជាច្រើនពីសំណាក់និស្សិត អតីតនិស្សិត អ្នកសិក្សាផ្នែកវិស្វកម្ម និងវិស្វករជាច្រើន ដែលចង់ឃើញចំណាត់ការច្បាស់លាស់លើអ្នកពាក់ព័ន្ធនឹងការក្លែងសញ្ញាបត្រ និងការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។

តាមការបញ្ជាក់របស់វិទ្យាស្ថាន ក្រោយទទួលបានព័ត៌មានសង្ស័យអំពីករណីនេះ ភាគីសាលាបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់ខ្លួនភ្លាមៗ។

ជាលទ្ធផល វិទ្យាស្ថានបានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា និងចាត់ទុកថាជាឯកសារមិនមានសុពលភាព។

ជាមួយគ្នានេះ វិទ្យាស្ថានបានប្រមូល និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងនីតិវិធីផ្ទៃក្នុង និងនីតិវិធីច្បាប់។

ក្រុមការងារពិសេសមួយក៏ត្រូវបានបង្កើតឡើង ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។

សាលាតិចណូបានបញ្ជាក់ថា ខ្លួនផ្តល់សារៈសំខាន់ខ្ពស់ចំពោះសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តនៃសញ្ញាបត្រទាំងអស់ដែលចេញដោយវិទ្យាស្ថាន។ ការអនុវត្តវិធានការនេះ គឺដើម្បីការពារផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និយោជក និងសាធារណជនទូទៅ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ ករណីក្លែងសញ្ញាបត្របានក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមអ្នកសិក្សា និងអ្នកជំនាញផ្នែកវិស្វកម្មសំណង់ស៊ីវិល។

មតិជាច្រើនបានសម្តែងការព្រួយបារម្ភថា ប្រសិនបើអ្នកប្រព្រឹត្តខុសមិនទទួលទោសតាមច្បាប់ទេ នោះតម្លៃនៃការខិតខំសិក្សា និងពាក្យស្លោក «ចេះគឺជាប់» អាចនឹងបាត់បង់ន័យ ខណៈអ្នកដែលខិតខំរៀនសូត្រពិតប្រាកដត្រូវប្រឈមនឹងភាពអយុត្តិធម៌។

សាធារណជនជាច្រើនក៏រំពឹងថា ករណីនេះនឹងត្រូវបានដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ដើម្បីរក្សាកិត្តិយសនៃវិស័យអប់រំ និងជំនឿទុកចិត្តលើសញ្ញាបត្ររបស់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…