រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃចុះវាស់វែងដីធ្លីនិងបោះបង្គោលព្រំដីនៅតំបន់ភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿងអមដំណើរ នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦  បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ចេញនៅយប់ថ្ងៃទី២៤ ខែមិថុនានេះ។

ជុំវិញនឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាសតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យនៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់និងបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីឆ្នាំមុនមក។ កម្ពុជាចាត់ទុកសកម្មភាពខាងលើ ពិតជារំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។

មិនតែប៉ុណ្ណោះ សកម្មភាពទាំងនេះក៏បំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្ត ការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាង ប្រទេសទាំងពីរ។

បើតាមក្រសួងការបរទេស កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ និងសូមបញ្ជាក់ថា សកម្មភាពថ្មីៗនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញ ទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។

កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយ ប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…