រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ ប្តេជ្ញាឆ្ពោះទៅកាន់ «សំណល់សូន្យ» ដើម្បីអនាគតបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុបានប្រារព្ធ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការថែរក្សាបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព។

ក្នុងពិធីនេះ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា ដូច្នេះការគ្រប់គ្រងសំណល់ និងការការពារបរិស្ថាន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានអំពាវនាវឱ្យសង្គមទាំងមូលចូលរួមអនុវត្តគោលការណ៍ «សំណល់សូន្យ» តាមរយៈការកាត់បន្ថយសំណល់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃធនធាន។

រដ្ឋបាលខេត្តបានកំណត់ទិសដៅអាទិភាពចំនួន៤ រួមមាន៖កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកទឹកចិត្តការប្រើប្រាស់វត្ថុធាតុងាយរលាយជំនួសប្លាស្ទិក ពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីបរិស្ថានដល់សហគមន៍ ទាក់ទាញការវិនិយោគលើបច្ចេកវិទ្យាកែច្នៃសំណល់ ដើម្បីបម្លែងសំណល់ទៅជាធនធានសេដ្ឋកិច្ច និងកាត់បន្ថយការបំពុលបរិស្ថាន។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា«សំណល់សូន្យ» មិនមែនជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់មនុស្សគ្រប់រូប ដើម្បីរួមគ្នាកសាងខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងស្អាត បៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះលោក ម៉ឹង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការថែរក្សាបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់រឹង ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើសរស្តម្ភសំខាន់៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

កន្លងមក មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសម្របសម្រួលចែកធុងសំរាមចំនួន ៨២៨ធុង ជូនដល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមនានា ព្រមទាំងបានបណ្តុះកូនឈើចម្រុះសរុប ៩៩,៦៩១ដើម ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថានបៃតងក្នុងខេត្ត៕

ដោយ៖ ប៉ៃ សុឃីំម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…