ក្រោយពីបានខិតខំតស៊ូរៀនសូត្រអស់រយៈពេល៦ឆ្នាំលើជំនាញយោធាអាជីព នាយទាហានខ្មែរចំនួនពីរនាក់ទៀត បានបញ្ចប់ការសិក្សាអនុបណ្ឌិតយោធាដោយជោគជ័យពីបណ្ឌិតសភាយោធាជាន់ខ្ពស់នៅសហព័ន្ធរុស្ស៊ី ។
បើតាមសមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានបង្ហោះសារទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា បានឱ្យដឹងថា សូមអបអរសាទរដល់លោក ប្រុស រដ្ឋា និងលោក អូន ភក្ត្រា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធា មីខាយឡូវស្កាយា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ដោយជោគជ័យរយៈពេល៦ឆ្នាំជាស្ថាពរ។
សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
សមាគមបានជូនពរដល់នាយទាហានទាំងពីររូបខាងលើនេះឱ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិផងដែរ។
បណ្ឌិត្យសភាមីខាយឡូវស្កាយា គឺជាស្ថាប័នយោធាជាន់ខ្ពស់ និងចំណាស់មួយរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨២០ ដោយមានឯកទេសក្នុងការបណ្តុះបណ្តាលមន្ត្រីយោធាលើជំនាញសំខាន់ៗជាច្រើនទាំងផ្លូវគោក អាកាស និងទឹក។
សូមជម្រាបថា នាយទាហានខ្មែរជាច្រើននាក់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ចប់អនុបណ្ឌិតយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ីលើជំនាញជាច្រើនដូចជា ជំនាញការពារអាកាស, ជំនាញថតដ្រូនពីលើអាកាស និងជំនាញផែនទីព័ត៌មានភូមិសាស្ត្រ...ជាដើម៕ ដោយ៖ ង៉ែត ពិសាន្ត





