ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថា មន្ត្រីពេទ្យសត្វនៅខេត្តស្ទឹងត្រែង បានទទួលប្រាក់ចំនួន ៥,០០០ ដុល្លារពីអាជីវករ, អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានអះអាងថា ក្រសួងបានទទួលព័ត៌មានអំពីករណីនេះរួចហើយ និងកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងលម្អិត និងម៉ត់ចត់បំផុត។
លោកបានបញ្ជាក់ថា ប្រសិនបើលទ្ធផលនៃការស៊ើបអង្កេតបង្ហាញថា មានការប្រព្រឹត្តខុសពិតប្រាកដ ក្រសួងនឹងចាត់វិធានការតាមច្បាប់ និងវិធានការរដ្ឋបាលដោយមិនមានការយោគយល់ ឬលើកលែងឡើយ។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា ក្រសួងតែងតែប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអំពើពុករលួយ ឬអំពើមិនប្រក្រតីគ្រប់ទម្រង់។ ទោះជាយ៉ាងណា ប្រសិនបើការចោទប្រកាន់នេះត្រូវបានរកឃើញថា ជាការបំភាន់ព័ត៌មាន ឬការមួលបង្កាច់ដោយគ្មានមូលដ្ឋានពិតប្រាកដ នោះក្រសួងក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬភាគីដែលពាក់ព័ន្ធនឹងការបង្ខូចកេរ្តិ៍ឈ្មោះផងដែរ។
ការបញ្ជាក់របស់ក្រសួងធ្វើឡើងក្រោយពីមានការចែករំលែក និងចោទប្រកាន់នៅលើបណ្ដាញសង្គមថា មន្ត្រីពេទ្យសត្វខេត្តស្ទឹងត្រែងបានទទួលប្រាក់ចំនួន ៥,០០០ ដុល្លារពីអាជីវករ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ៕
ដោយ៖ ប៉ៃ សុឃីម
ក្រសួងកសិកម្មបើកការស្រាវជ្រាវករណីចោទប្រកាន់ពេទ្យសត្វខេត្តស្ទឹងត្រែងយកលុយ ៥,០០០ ដុល្លារ៖ បើមានកំហុស នឹងចាត់ការដោយមិនលើកលែង
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
