រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមម៉ាង ស៊ីណេតចង់ទាញក្រុមហ៊ុនផលិតម៉ូតូអាគុយឱ្យមកវិនិយោគនៅខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បង្ហាញចំណាប់អារម្មណ៍ចង់ទាក់ទាញក្រុមហ៊ុនចិនដែលផលិតម៉ូតូអាគុយឱ្យមកបណ្តាក់ទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នទីផ្សារអាចនឹងកំពុងពេញនិយម។ 

បំណងចង់ទាក់ទាញក្រុមហ៊ុនចិននេះ ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងនៅក្នុងកិច្ចប្រជុំពិនិត្យសំណើចំនួន៤ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ម៉ូតូអាគុយដែលផលិតដោយក្រុមហ៊ុនចិននេះ អាចរត់បានចម្ងាយឆ្ងាយ ហើយឯកឧត្តម សម្លឹងឃើញថា នឹងមានការពេញនិយមសម្រាប់សិស្សសាលាថ្នាក់ទី១២ចុះក្រោម ដូច្នេះឯកឧត្តមចង់ឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាញរោងចក្រផលិតម៉ូតូអាគុយឱ្យមកវិនិយោគក្នុងតំបន់របស់ខ្លួន និងទាក់ទាញរោងចក្រដ៏ទៃទៀតឱ្យបានកាន់តែច្រើនផងដែរ។

ឯកឧត្តម បញ្ជាក់យ៉ាងដូច្នេះ៖ «ចង់ទាក់ទាញក្រុមហ៊ុនផលិតម៉ូតូអាគុយ ហើយខាងតំបន់កំពុងតែសម្របសម្រួលគ្នាបន្ថែម ប៉ុន្តែបើបាច់ខ្ញុំ(ឯកឧត្តម)ធ្វើលិខិតទៅក្រុមហ៊ុនហ្នឹង ឬត្រូវធ្វើយ៉ាងណាក៏ខ្ញុំ(ឯកឧត្តម)ទៅដែរ ព្រោះខ្ញុំក៏ចង់បានក្រុមហ៊ុនផលិតម៉ូតូអាគុយនេះមកខេត្តព្រះសីហនុរបស់យើង»។

យ៉ាងណាមិញ កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន  ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទស្សនកិច្ចរោងចក្រតម្លើងម៉ូតូអគ្គីសនី របស់ក្រុមហ៊ុន TAILG Technology Co.,Ltd ស្ថិតនៅស្រុកស៊ីសាន ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។ 

សូមជម្រាបថា TAILG Technology Group ជាក្រុមហ៊ុនផលិតកង់ និងម៉ូតូអគ្គីសនីដ៏ធំមួយក្នុងប្រទេសចិន ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំជាង ១៥លានគ្រឿង និងនាំចេញទៅកាន់ទីផ្សារជាង ៩០ប្រទេសនិងតំបន់។ ដោយពិនិត្យឃើញអំពីសក្តានុពល និងឱកាសទីផ្សាររបស់ក្រុមហ៊ុន ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញលោកអគ្គយកក្រុមហ៊ុនទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគ ក្នុងពេលវេលាសមស្របណាមួយទៀតផង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…