រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីដុតកម្ទេចគ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជិត ១៥៤ គីឡូក្រាម ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានណែនាំដល់សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងខ្លឹមសារប្រធានបទនៃទិវាឆ្នាំនេះ ឱ្យក្លាយជាសកម្មភាពជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការផលិត ការកែច្នៃ និងការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម អភិបាលខេត្តក៏បានជំរុញឱ្យបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេសការអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ឱ្យទទួលបានលទ្ធផលខ្ពស់បំផុត
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យគ្រប់អង្គភាពអនុវត្តច្បាប់ និងកងកម្លាំងមានសមត្ថកិច្ច ប្រើប្រាស់វិធានការតឹងរ៉ឹង និងគ្មានការលើកលែងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយផ្តោតលើការវែកមុខ និងចាប់ខ្លួនមេក្លោងជួញដូរ ដើម្បីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ និងទីផ្សារគ្រឿងញៀននៅក្នុងសហគមន៍។
ទន្ទឹមនឹងនេះ អាជ្ញាធរត្រូវពង្រឹងការត្រួតពិនិត្យនៅតាមទីតាំងងាយរងគ្រោះ ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងជួលដែលមានមនុស្សរស់នៅច្រើន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ប៉េង ពោធិ៍សា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីសកម្មភាពផលិត កែច្នៃ និងជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងលើកទឹកចិត្តឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីរាយការណ៍ព័ត៌មានទៅកាន់សមត្ថកិច្ចបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្នុងខេត្តស្វាយរៀង បានបង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀនសរុប ៣៣៥ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧២០ នាក់ ក្នុងនោះមានស្ត្រី ៥៨ នាក់ និងជនបរទេសមួយចំនួន។ សមត្ថកិច្ចបានដកហូតគ្រឿងញៀន និងសារធាតុគីមីផ្សំសរុប ១៥៣,៨៧៩.៨៤ ក្រាម ដែលត្រូវបានដុតកម្ទេចចោលនៅក្នុងពិធីនាថ្ងៃនេះ៕
ដោយ៖ ប៉ៃ សុឃីម
















