ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីពីការគាំទ្រកម្ពុជាដែលបានអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ឯកឧត្តម ធន់ វឌ្ឍនា បានបញ្ជាក់ពីគោលជំហរបស់កម្ពុជាក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ ។ ឆ្លើយតបនឹងការបញ្ជាក់នេះ ឯកឧត្តម Ueno Atsushi បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។
ឯកឧត្តម ធន់ វឌ្ឍនា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ដោយឯកតោភាគី។
ចំពោះបញ្ហាព្រំដែនគោក ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគីតាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។ ឯកឧត្តម រំពឹងថា ប្រទេសថៃនឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ហើយប្រគល់មកឱ្យកម្ពុជាវិញនូវតំបន់ និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន។
ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយគ្នាឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូ និងការទូតសភារវាងកម្ពុជា និង ជប៉ុន៕
ដោយ៖ ង៉ែត ពិសាន្ត







