រាជរដ្ឋាភិបាល តាមរយៈប្រកាសអន្តរក្រសួងរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហាមឃាត់ចំពោះការនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ទំនិញដែលជាប់ពាក់ព័ន្ធការងារដោយបង្ខំ រំលោភច្បាប់អន្តរជាតិ និងសិទ្ធិការងារកម្មករ។
បើតាមប្រកាសអន្តរក្រសួងនេះ បានកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ សំដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់ភាពប្រកួតប្រជែង។
ក្នុងប្រកាសអន្តរក្រសួង បានពន្យល់ថា ការងារដោយបង្ខំ សំដៅដល់រាល់ការងារ ឬសេវាកម្មណាដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែងថា នឹងដាក់ទណ្ឌកម្មណាមួយ ហើយជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯងដូចមានចែងក្នុងច្បាប់ស្តីពី ការងារ។ ចំណែក ទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ សំដៅដល់ទំនិញដែលជីក ឬទាញយក ផលិត ឬផលិតទាំងស្រុង ឬផ្នែកណាមួយដោយប្រើប្រាស់ការងារដោយបង្ខំ។
ដោយឡែក ក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យទំនិញដែលសង្ស័យថា ពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ទន្ទឹមនឹងនេះ ក្រុមការងារអន្តរក្រសួងអាចសហការជាមួយប្រទេសនាំចូលទំនិញពីកម្ពុជា ដើម្បីត្រួតពិនិត្យករណីសង្ស័យលើទំនិញនាំចូលពីកម្ពុជាតាមការចាំបាច់។
លើសពីនេះ អ្នកនាំចូលដែលត្រូវបានសង្ស័យថា មានទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ត្រូវផ្តល់សេចក្តីបំភ្លឺជូនក្រុមការងារអន្តរក្រសួងក្នុងរយៈពេល១០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីការត្រួតពិនិត្យទំនិញដែលត្រូវបានសង្ស័យថា មានពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ក្នុងសេចក្តីបំភ្លឺនេះ ត្រូវភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសាររួមមាន៖ ដើមកំណើតទំនិញ និងទីតាំងផលិតកម្ម, ឈ្មោះ និងព័ត៌មានរបស់អ្នកផលិត ឬបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់, ដំណើរការផលិតកម្ម ការទាញយក ការប្រមូលផល ការកែច្នៃ ការផ្គុំ ឬសកម្មភាពពាក់ព័ន្ធផ្សេងទៀត, កិច្ចសន្យាទិញលក់ ឯកសារទូទាត់ ឯកសារផ្ទេរកម្មសិទ្ធិ ឬឯកសារពាក់ព័ន្ធផ្សេងទៀត និងរបាយការណ៍សវនកម្មអនុលោមភាព របាយការណ៍វាយតម្លៃអនុលោមភាព ឬឯកសារផ្សេងទៀតដែលអាចបញ្ជាក់អំពីការមិនពាក់ព័ន្ធនឹងការងារដោយបង្ខំ។
ក្នុងករណីរកឃើញថា ទំនិញនាំចូលមានពាក់ព័ន្ធនឹងការងារដោយបង្ខំ ទំនិញនោះត្រូវបានហាមឃាត់ការនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ ចំណែក អ្នកនាំចូលត្រូវទទួលរងវិធានការបន្ថែមដូចជា៖ ការផ្អាកការធ្វើសកម្មភាពនាំចេញ នាំចូល, ការផ្អាកការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានការផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិការងារនៅក្នុងគ្រប់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសការលុបបំបាត់ការប្រើប្រាស់ការងារដោយបង្ខំលើទំនិញដែលនាំចូល និងផលិតនៅក្នុងស្រុក ដោយបានដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពីការហាមឃាត់ការនាំចូលទំនិញដែលប្រើប្រាស់ការងារដោយបង្ខំ៕
ដោយ៖ ង៉ែត ពិសាន្ត




