រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្យុះ ២ មានឥទ្ធិពលលើកម្ពុជា៖ ភ្លៀង និងខ្យល់កន្ត្រាក់ បន្តដល់ថ្ងៃទី៦ កក្កដា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak) កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះឡើយ។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា «ម៉ៃស័ក» (Maysak) គឺជាឈ្មោះព្យុះដែលកម្ពុជាបានផ្តល់ ហើយព្យុះនេះត្រូវបានព្យាករថា នឹងចុះខ្សោយ និងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ចំណែកព្យុះទី៩ «បាវី» (Bavi) នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

តាមការព្យាករណ៍ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។

អាជ្ញាធរជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រន្ទះ និងរលកសមុទ្រខ្ពស់ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក។

ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…