រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ ចម និម្មល ចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី WIPO នៅស្វីស ជំរុញនវានុវត្តន៍ និងភាពច្នៃប្រឌិតសម្រាប់អនាគត

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ «កសាងស្ពានឆ្ពោះទៅអនាគត៖ នវានុវត្តន៍ និងភាពច្នៃប្រឌិត ជំរុញការអភិវឌ្ឍសង្គមនាពេលអនាគត» ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងឡូសាន សហព័ន្ធស្វីស ក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៨ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ មានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិក WIPO ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងឧស្សាហកម្មច្នៃប្រឌិត។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានពិភាក្សាអំពីការលើកកម្ពស់សមត្ថភាពសហគមន៍ ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ស្របតាមបរិបទពិភពលោកដែលកាន់តែមានភាពតភ្ជាប់ និងពឹងផ្អែកគ្នាទៅវិញទៅមក។

ការចូលរួមរបស់លោកជំទាវ ចម និម្មល ក្នុងវេទិកាអន្តរជាតិនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រនវានុវត្តន៍ កម្មសិទ្ធិបញ្ញា និងភាពច្នៃប្រឌិត ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…