រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់) ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម។

ប្រតិបត្តិការនេះ អនុវត្តឡើងដោយកម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នាវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

ជនសង្ស័យទាំង ៣នាក់ រួមមាន៖

ឈ្មោះ Li Wen Long អាយុ ២៦ឆ្នាំ ជនជាតិចិន ឈ្មោះ ឌឹម ស្រីពៅ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរនិងឈ្មោះ សីហា ស៊ីយ៉ានុត អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន កុំព្យូទ័រយួរដៃ (Laptop) ម៉ាក Asus ១គ្រឿង, ទូរសព្ទ iPhone 17 Pro Max ១គ្រឿង, ទូរសព្ទ Oppo ២គ្រឿង, ទូរសព្ទ iPhone SE ១គ្រឿង, កន្ត្រៃកាត់ដែក ១, ធុងទឹកកកពណ៌ក្រហម ១ និងអាវយឺត ១។

ដោយឡែក លោហធាតុពណ៌លឿង ទម្ងន់ ៨តម្លឹង ៥ជី ដែលពាក់ព័ន្ធក្នុងសំណុំរឿង ត្រូវបានមន្ត្រីជំនាញប្រគល់ជូនជនរងគ្រោះវិញរួចរាល់ហើយ ខណៈជនសង្ស័យខាលើត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…