រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធររកឃើញអាជីវករមួយចំនួនជួលឈុតបុរាណខុសទម្រង់ដើមដែលប្រើកំណាត់និងគ្រឿងអលង្ការពីថៃ ឡាវនិងចិននៅមុខអង្គរវត្ត

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អាជ្ញាធរជាតិអប្សរា បានដាក់កំហិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦តទៅ ចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់កំណាត់មកពីថៃ ឡាវ និងចិន គឺត្រូវបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧ខាងមុខ។

ការដាក់កំហិចបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានចុះជួបជាមួយក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រកឃើញមានអាជីវករមួយចំនួន បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើមមាន៧០ភាគរយ ជាពិសេសការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ ឡាវ និងចិន។

បើតាមការអាជ្ញាធរជាតិអប្សរា ការជួបត្រួតពិនិត្យនេះ គឺក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងយ៉ាងត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។

មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួន នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ។ ពិសេស ការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ ឡាវ និងចិន។ សកម្មភាពនេះ គឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដូចជា ការបម្រើឱ្យវប្បធម៌បរទេស។

លោក បានពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងកំណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ។ ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោត មានទម្រង់ច្បាស់លាស់ទៅតាមឋានយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ ឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី កំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងកំណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។

លោក ចាន់ សោភ័ន បានលើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្កការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់។

ចំណែក លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម មានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។

អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានណែនាំឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ដូចជា កំណាត់ដែលមានតម្លៃថោកៗ ដែលនាំចូលពីប្រទេសថៃ ប្រទេសឡាវ និងចិនទាំងស្រុង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…