រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច៣ម៉ឺនគ្រួសារនៅខេត្តចំនួន៣គ្រោងបញ្ចប់នៅឆ្នាំ២០២៩

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) បានជួយកែលម្អជីវភាពកសិករខ្នាតតូចចំនួន ៣០ ០០០គ្រួសារ នៅខេត្តចំនួន៣រួមមាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ គម្រោងនេះ អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម តាមរយៈហិរញ្ញប្បទានពីកម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP) ដែលមានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៥ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៩។

បើតាមក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែកក្កដា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១ (1st Implementation Support Mission) នៃគម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីបូកសរុប ពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងពេលកន្លងមក។

គម្រោងខ្សែច្រវាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន (CILVCP) គឺអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម តាមរយៈហិរញ្ញប្បទានពីកម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP) ដើម្បីជួយធ្វើការកែលម្អជីវភាពកសិករខ្នាតតូច ចំនួន ៣០ ០០០គ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមសត្វ ជាស្រ្តី គ្រួសារក្រីក្រ ងាយរងគ្រោះ ពង្រឹងសេវាផលិតកម្មសត្វដល់ក្រុមផលិត ផ្តល់បច្ចេកទេសចិញ្ចឹមសត្វតាមបែបឆ្លាតវៃធន់នឹងអាកាសធាតុ និងសេវាសុខភាពសត្វប្រកបដោយនិរន្តរភាព នៅក្នុងខេត្តគោលដៅចំនួនបីរួមមាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។

គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៥ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ សំដៅធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលតាមរយៈការផ្តល់នូវលទ្ធភាពទទួលបានប្រភពប្រូតេអ៊ីនគ្រប់គ្រាន់ពីបសុសត្វ និងផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…