រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យមណ្ឌលសុខភាពតេជោមរកត ដែលរងការវាយប្រហារពីកងកម្លាំងថៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះបេសកកម្មនេះដឹកនាំដោយប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ដែលមកពីសាធារណរដ្ឋហ្វីលីពីន ដោយមានក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា ជាអ្នករៀបចំ និងសម្របសម្រួល។

គោលដៅសំខាន់នៃការចុះពិនិត្យ គឺ មណ្ឌលសុខភាពតេជោមរកត ដែលក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា មិនមែនជាទីតាំងយោធានោះទេ ប៉ុន្តែជាមណ្ឌលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តាមការបញ្ជាក់របស់ក្រសួងការពារជាតិ មណ្ឌលសុខភាពនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយកម្ពុជាអះអាងថា មានការវាយប្រហារពីកងកម្លាំងយោធាថៃ រួមមានការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ការបាញ់គ្រាប់ផ្លោង និងការវាយប្រហារដោយដ្រូន ដែលបានបង្កការខូចខាតដល់មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញ។

ជាមួយគ្នានេះ ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដោយប្តេជ្ញាចិត្តក្នុងការស្តារស្ថានភាពតាមព្រំដែនឱ្យបានឆាប់រហ័ស និងរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពរយៈពេលវែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

ការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីទាំងពីរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…