រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រុងប្រយ័ត្ន កម្ពុជាអាចរងខ្យល់កន្ត្រាក់ខ្លាំងពីថ្ងៃទី១២-១៦ សីហា ខណៈតំបន់មាត់សមុទ្ររលកអាចឡើងដល់កម្ពស់ ២ម៉ែត្រ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបមួយដែលកំពុងកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ព្យុះនេះ រួមជាមួយព្យុះទី១៦ «ភីលូ (Pelou)» T2616 ព្យុះទី១៥ «ចាន់ហម (Chan-hom)» T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វឺន (Dolphin)» T2613 នឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។
ក្រសួងបញ្ជាក់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចធ្វើឱ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនប្រមាណ ១៥ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ ២០ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនប្រមាណ ១៨ម៉ែត្រ/វិនាទី។ ចំណែករលកសមុទ្រអាចមានកម្ពស់មធ្យមពី ០,៥០ម៉ែត្រ ដល់ ២,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងការប្រែប្រួលនៃស្ថានភាពអាកាសធាតុ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…