រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីនីតិវិធីនៃការធ្វើជំរឿន ការជ្រើសរើស និងការចូលបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។

អនុក្រឹត្យនេះមានចំនួន ៨ជំពូក និង ៤១មាត្រា ដោយបានរៀបរាប់ពីលក្ខខណ្ឌនៃការអនុវត្ត ការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ច ព្រមទាំងរបបឧបត្ថម្ភ និងការពន្យារពេលសម្រាប់ករណីចាំបាច់។

តាមបទប្បញ្ញត្តិថ្មីនេះ កាតព្វកិច្ចយោធាត្រូវអនុវត្តចំពោះពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ខណៈរយៈពេលហ្វឹកហាត់កំណត់ចំនួន ២ឆ្នាំ។ ចំពោះការធ្វើជំរឿនវិញ ត្រូវចាប់ផ្តើមពីពលរដ្ឋដែលមានអាយុ ១៧ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
ការធ្វើជំរឿននឹងត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចាប់ពីដើមខែតុលា ដល់ដំណាច់ខែធ្នូ ដោយអាចប្រើប្រាស់ទិន្នន័យពីក្រសួងមហាផ្ទៃ របាយការណ៍រដ្ឋបាលឃុំ-សង្កាត់ និងការចុះធ្វើជំរឿនដោយផ្ទាល់ ដើម្បីធានាឱ្យការរៀបចំបញ្ជីមានភាពច្បាស់លាស់។

ដោយឡែក សិស្ស និស្សិតដែលកំពុងសិក្សា និងពលករដែលកំពុងធ្វើការនៅក្រៅប្រទេស អាចស្នើសុំពន្យារពេលចូលបំពេញកាតព្វកិច្ចបានមួយឆ្នាំម្តង រហូតដល់ ៤ដង។ ទោះជាយ៉ាងណា ការពន្យារពេលនេះត្រូវមានមូលហេតុច្បាស់លាស់ និងឯកសារបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ហើយរយៈពេលដែលបានពន្យារនឹងត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ច។
ចំណុចសំខាន់មួយទៀត គឺយោធិនគ្រប់រូបដែលកំពុងបំពេញកាតព្វកិច្ច នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀល ព្រមទាំងរបបផ្សេងៗទៀត រួមមានប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នពេលហ្វឹកហាត់ ប្រាក់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករ ឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់។

អនុក្រឹត្យក៏បានកំណត់ពីការទទួលខុសត្រូវរបស់ក្រសួងការពារជាតិ ចំពោះយោធិនដែលមានជំងឺ រងរបួស ឬជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច ដោយត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំ។ ចំពោះយោធិនដែលពលី ឬទទួលមរណភាពក្នុងពេលបំពេញកាតព្វកិច្ច ក៏ត្រូវទទួលបានគោលរបបសមស្របតាមបទប្បញ្ញត្តិដែលបានកំណត់។

គួររម្លឹកថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានចុះព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ការចេញអនុក្រឹត្យនៅពេលនេះ គឺជាជំហានសំខាន់មួយក្នុងការកំណត់យន្តការ និងនីតិវិធីឱ្យបានច្បាស់លាស់ សម្រាប់ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅកម្ពុជា៕

ដោយ ៖ ទាវ វិឆាត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…