រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តពោធិ៍សាត់ថាពុំមានពលរដ្ឋរងគ្រោះថ្នាក់ពីការបាញ់ផ្លោងរបស់កងទ័ពឈ្លានពានថៃទេ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អះអាងថា មកដល់ពេលនេះ ពុំមានប្រជាពលរដ្ឋណារងរបួស ឬគ្រោះថ្នាក់ដោយសារការបាញ់ផ្លោងរបស់កងទ័ពឈ្លានពានថៃចូលលើទឹកដីខេត្តពោធិ៍សាត់នោះទេ។ ទន្ទឹមគ្នានេះ ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋជាង៧៨០គ្រួសារ ស្មើនឹងជាង ៣០០០នាក់ នៅឃុំថ្មដា ស្រុកវាលវែង បានជម្លៀសមកទីកន្លែងមានសុវត្ថិភាពភ្នំប្រមោយ ខណៈកម្មករដែលនៅធ្វើការឱ្យក្រុមហ៊ុនក៏ចល័តមកទីតាំងមានសុវត្ថិភាពអស់ហើយដែរ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់នៅវីដេអូឃ្លីបដែលបង្ហោះលើបណ្តាញតេឡេក្រាមរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកក្កដាថា នៅម៉ោង ៥ព្រឹកនេះ(ថ្ងៃទី២៦កក្កដា) កងទ័ពថៃបានបាញ់ផ្លោងគ្រាប់ចូលភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង សរុបចំនួន ១៧គ្រាប់ ប៉ុន្តែមិនមានត្រូវលើកងទ័ព និងប្រជាពលរដ្ឋនោះទេ។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ សង្កត់ធ្ងន់ថា«កងទ័ពសៀមបាញ់មកលើយើងហើយ បែចោទថា យើងបាញ់ទៅគេ(ថៃ)វិញ ហើយយើងមិនទាន់មានផ្ទុះអីមួយគ្រាប់នោះទេ មកដល់ម៉ោងនេះ កងកម្លាំងកម្ពុជាមិនទាន់ផ្ទុះតមួយគ្រាប់ទៅវិញទេ ប៉ុន្តែគេ(ថៃ)ចោទថា យើងបាញ់ទៅគេវិញ ដែលនេះជាការបំពានទៅលើសិទ្ធិមនុស្ស និងពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ទាំងអស់នេះ»។

ឯកឧត្តមអភិបាលខេត្ត តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងទ័ពថៃយ៉ាងឃោឃៅមកលើទឹកដីកម្ពុជា និងសូមអំពាវនាវដល់បណ្តាប្រទេសលើពិភពលោក ជាពិសេសអង្គការសហប្រជាជាតិមានវិធានការទៅលើភាគីថៃដែលធ្វើឱ្យប៉ះពាល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…