រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្តៅៗ! អាជ្ញាធរខេត្តស្វាយរៀង ឆ្មក់បង្ក្រាបទីតាំងសង្ស័យ Online Scam ២កន្លែងក្នុងក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ១៩នាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អាជ្ញាធរចម្រុះខេត្តស្វាយរៀងបានបើកប្រតិបត្តិការចុះឆែកឆេររដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យបង្កប់ការស្នាក់នៅ ធ្វើការខុសច្បាប់ និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២កន្លែង យ៉ាងក្តៅគគុកនៅក្រុងបាវិត កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រតិបត្តិការដ៏សំខាន់នេះ ត្រូវបានធ្វើឡើងតាមបណ្តោយផ្លូវវត្តឡុក ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក្រោមការដឹកនាំដោយផ្ទាល់ពី លោក ម៉ែន អេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងចម្រុះបានរកឃើញ និងឃាត់ខ្លួនមនុស្សសរុបចំនួន ១៩នាក់ (ក្នុងនោះមានស្រី ០៣នាក់) ដែលពួកគេទាំងអស់សុទ្ធតែជាជនជាតិវៀតណាម។ ក្រៅពីការរកឃើញក្រុមជនបរទេសសង្ស័យទាំងនេះ សមត្ថកិច្ចក៏បានសម្រេចដកហូតនូវសម្ភារ និងឧបករណ៍បច្ចេកវិទ្យាជាច្រើន ដែលរួមមាន កុំព្យូទ័រ All in 1, ម៉ូនីទ័រ CPU, លិខិតឆ្លងដែន, ទូរសព្ទដៃចម្រុះជាច្រើនគ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀតជាច្រើន ។

បច្ចុប្បន្ននេះ ជនបរទេសសង្ស័យទាំង ១៩នាក់ រួមជាមួយនឹងវត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ដោយឡែក ចំពោះទីតាំងសង្ស័យទាំង ២កន្លែងខាងលើ ត្រូវបានក្រុមការងារចម្រុះសម្រេចបិទសៀលជាបណ្ដោះអាសន្នភ្លាមៗផងដែរ៕

ដោយ៖ ប៉ៃ សុឃីម 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…